ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជំរុញឱ្យជនមានពិការភាពរស់នៅដោយគ្មានការរើសអើង

កណ្តាល៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល ព្រមជាមួយអភិបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី «ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ 

ប្រធានមន្ទីរសង្គមកិច្ចខេត្តកណ្តាល លោក លី សុខធី បានលើកឡើងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺចង់រំលឹកមេរៀនឡើងវិញ ដើម្បីពង្រឹងសមត្ថភាពបង្កើនចំណេះដឹងដល់ជនបង្គោលថ្នាក់ក្រុងស្រុក និងឃុំសង្កាត់ ជាពិសេសមន្រ្តីទទួលបន្ទុកកម្ម វិធីឃុំសង្កាត់ ឲ្យយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។

លោកបន្តថា កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន គឺជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តនៅអំឡុងខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ។ កម្មវិធីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការឯកសារស្តីពីគោលការណ៍ណែនាំអំពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។

លោកប្រធានមន្ទីរគូសបញ្ជាក់ទៀតថា ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន គឺជាការប្រមូលទិន្នន័យ ជនមានពីការភាពទូទៅទូទាំងខេត្ត តាមរយៈប្រព័ន្ធបច្ចេកវិទ្យាពត៌មាន APP ទូរស័ព្ទដៃ ដែលអនុវត្តកំណត់អត្តសញ្ញាណ (ចុះឈ្មោះ) ដោយមន្ត្រីទទួលបន្ទុកកម្មវិធីឃុំសង្កាត់ ជាអ្នកស្រង់ទិន្នន័យអនុម័តតាមរយៈប្រព័ន្ធ App ទូរស័ព្ទដៃបញ្ជូនមកមន្ទីរ ស.អ.យខេត្ត ធ្វើការត្រួតពិនិត្យ និងបញ្ជូនបន្តទៅនាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួង ស.អ.យ ដើម្បីត្រួតពិនិត្យ និងចេញប័ណ្ណសម្គាល់ពិការភាពចែកជូនជនមានពិការភាពតាមឃុំសង្កាត់ ដែលបានអនុម័តដោយក្រសួង។

លោកស្រីអភិបាលរងខេត្តកណ្តាល បានថ្លែងឱ្យដឹងថា តាមរយៈ «វគ្គបណ្តុះបណ្តាលរំលឹកស្តីពីការកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» អ្នកចូលទាំងអស់ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកស្រីអភិបាលរង បន្ថែមថា កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍ដល់ ជនមានពិការភាពដ៏ច្រើននោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបទលើកទឹកចិត្តដល់ជនមានភាពការភាព ទាំងសតិបញ្ញាស្មារតី និងសិទ្ធិការរស់នៅស្មើភាពគ្នា ដោយមិនមានការរើសអើងពីសហគមន៍ឡើយ តាមរយៈការផ្សព្វផ្សាយនូវឯកសាគតិយុត្តផ្សេងៗឲ្យបានទូលំទូលាយទូទាំងប្រទេស។

គូសបញ្ជាក់ថា គិតមកដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះសម្រាប់ខេត្តកណ្តាល បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ១៥ ៨៥២នាក់ ស្រី ៧ ៥៤៤នាក់ ក្នុងនោះទិន្នន័យស្នើសុំពីឃុំសង្កាត់ចំនួន ១៤ ១៦៥នាក់ ទិន្នន័យស្នើសុំពីមន្ទីរបញ្ជូនទៅក្រសួងចំនួន ១៤ ១៦៥នាក់ និងជនមានពិការភាពដែលក្រសួងបានអនុម័តដើម្បីចេញប័ណ្ណសម្គាល់ពិការភាពចំនួន ១៣ ៩៦៨នាក់៕

ព័ត៌មានជាប់ទាក់ទង