តំណាងរដ្ឋមន្រ្តីសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ស្នើឱ្យមានការសហការដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរពីសុខមាលភាព

ឥណ្ឌូនេស៊ី៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរអំពីសុខមាលភាពរបស់ជនមានពិការភាពឱ្យមានភាពទាក់ទាញនិងរស់រវើក សម្រាប់ការធ្វើវិនិយោគលើជនមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ថ្លែងដូចនេះក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូក្រោយឆ្នាំ២០២៥” នាថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេលបីឆ្នាំនេះ អាស៊ានបានខិតខំរួមគ្នា ក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានាដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់មកលើសង្គម-សេដ្ឋកិច្ច និងជាពិសេសបានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន” (ACRRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ពិសេសសម្រាប់ជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្លូរបស់ជនមានពិការ។

ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ានគួរបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ប្រព័ន្ធទំនាក់ទំនង ពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងតំប់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន។ ទន្ទឹមនេះត្រូវបន្តរក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» សម្រាប់កិច្ចការសង្គមកិច្ច ក្នុងការកសាងទំនាក់ទំនងសកលនិងតំបន់ដែលផ្តោតលើវិស័យពិការភាព។

ទន្ទឹមនោះ ឯកឧត្តមក៏បានស្នើរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ក៏គួរធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចទំនាក់ទំនង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្រាប់ជនមានពិការភាពនាបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា បានបន្តលើកឡើងពីជោគជ័យមួយចំនួនរបស់កម្ពុជាទាក់ទងពិការភាព រួមមានការផ្តល់អ្នកបកប្រែភាសាសញ្ញាតាមទូរទស្សន៍ ការអភិវឌ្ឍន៍សម្ភារៈសិក្សាដ៏ទូលំទូលាយដែលតម្រូវសម្រាប់ជនពិការ និងការអនុវត្តប្រព័ន្ធកូតាជ្រើសរើសបុគ្គលិក ដើម្បីធានាបាននូវការរួមបញ្ចូលនៅកន្លែងធ្វើការ និង ព្រឹត្តិការណ៍ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ានប៉ារ៉ាហ្គេម ដែលជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយក្នុងវិស័យពិការភាពដែលមិនធ្លាប់មានតាំងពីការកកើតប្រទេស ព្រមទាំងការរៀបចំសន្និសីទលើកទី៥ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (CBID5) ស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន” ផងដែរ។

រដ្ឋលេខាធិការរូបនេះគូសបញ្ជាក់ថា៖ «យើងត្រូវពង្រឹងការសម្របសម្រួលការរៀបចំគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធានាថាយើងអាចស្តារនិងងើបចេញពីវិបត្តិបានដូចៗគ្នា សម្រាប់ជនមានពិការភាពក្នុងតំបន់អាស៊ានរបស់យើង។ ក្នុងនោះ យើងត្រូវបន្ស៊ីកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយរបស់យើង ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ និងសកលដើម្បីសម្រេចបាននូវសង្គតិភាព និងមិនមានការបែកខ្ញែកគ្នា»៕

ព័ត៌មានជាប់ទាក់ទង