ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានដទៃ, ព័ត៌មានថ្មីៗ, ព័ត៌មានពាក់ព័ន្ធ

អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

mosvy Author
9 ខែ​កក្កដា 2026

ទីស្ដីការក្រសួង ស.អ.យ. ព្រឹកថ្ងៃពុធ ០៨ កក្កដា ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើទី២ ទិវាជនមានពិការភាពភ្នែកនិងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ដើម្បីលើកកម្ពស់ បរិយាបន្ននិងការចូលរួមពេញលេញក្នុងសង្គម» ។

ទិវានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការ, សប្បុរសជន, សិល្បះករ សិល្បះការនី, ដៃគូអភិវឌ្ឍ, អង្គការ, សមាគមតន្ត្រីសំនៀងជនពិការ, លោកគ្រូ អ្នកគ្រូ និងជនមានពិការភាពភ្នែកនិងគថ្លង់ មកពីវិទ្យាស្ថានជាតិអប់រំពិសេស, វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី, វិទ្យាល័យអប់រំពិសេសច្បារអំពៅ, អង្គការឌីឌីភី, អង្គការក្តីសង្ឃឹមមនុស្សថ្លង់និងជនពិការ, អង្គការអេពិកអាត និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៣៦៨នាក់ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវអនុសាសន៍សំខាន់ៗដូចខាងក្រោម៖

ទី១. ក្រសួងស្ថាប័នថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ត្រូវរួមគ្នារៀបចំកែសម្រួលផាសុកវត្ថុ និងផាសុកសមរម្យនៅតាមទីសាធារណៈ កន្លែងការងារសម្រាប់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការទំនាក់ទំនងទទួលបានដំណឹង និងព័ត៌មាននានា រួមមាន៖ ស្លាកសញ្ញា ផ្ទាំងផ្តល់ព័ត៌មាន អ្នកបកប្រែភាសាសញ្ញានៅតាមកម្មវិធីនានា ភាសាសញ្ញានិងអក្សររត់នៅតាមទូរទស្សន៍ បណ្តាញសង្គមនានា និងបច្ចេកវិទ្យាឌីជីថល។

ទី២. ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ត្រូវរួមគ្នារៀបចំ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា អគារការិយាល័យ ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក និងមធ្យោបាយដឹកជញ្ជូន ឱ្យមានផាសុកវត្ថុ ផាសុកសមរម្យ និងសុវត្ថិភាពខ្ពស់សម្រាប់ជនមានពិការភាពភ្នែក និងគថ្លង់ ក្នុងការធ្វើដំណើរដោយឯករាជ្យ។

ទី៣. គ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងអង្គការដៃគូ ត្រូវសហការគ្នារៀបចំកម្មវិធីសិក្សា និងបណ្តុះ បណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង ព្រមទាំងបង្កើនចំនួនគ្រូជំនាញភាសាសញ្ញា និងឧបករណ៍ជំនួយ ដើម្បីពង្រឹង និងពង្រីកវិសាលភាពការអប់រំដល់កុមារនិងយុវជនពិការភ្នែក និងគថ្លង់នៅទូទាំងប្រទេស។

ទី៤. ស្នើគ្រប់ស្ថាប័ន ពិសេសប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្តល់សេវាសាធារណៈ រួមគ្នាបង្កើនការផលិតឯកសារជាអក្សរប្រៃយ៍ខ្មែរ និងបញ្ចូលអ្នកបកប្រែភាសាសញ្ញាក្នុងគ្រប់កម្មវិធីព័ត៌មាន ឬព្រឹត្តិការណ៍ សំខាន់ៗ ដើម្បីធានាថាជនមានពិការភាពភ្នែក និងគថ្លង់ មិនត្រូវបានកាត់ផ្តាច់ពីព័ត៌មាន និងកិច្ចសន្ទនា នានាក្នុងសង្គម។

ទី៥. ស្នើឱ្យអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធនធាន ទាំងថវិកា និងសម្ភារៈឧបទេស ដូចជា ម៉ាស៊ីនវាយអក្សរប្រៃយ៍ខ្មែរ ឧបករណ៍ជំនួយការស្តាប់ ជាដើម ដើម្បីគាំទ្រដល់ជនមានពិការភាពភ្នែក និងគថ្លង់ក្រីក្រដែលកំពុងរស់នៅតាមតំបន់ដាច់ស្រយាល។

ទី៦. សូមបងប្អូន និងក្មួយៗ ដែលជនមានពិការភាពភ្នែក និងគថ្លង់ សូមកុំអស់សង្ឃឹម ឬបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្លួន ត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីប្រែក្លាយពិការភាពរបស់ខ្លួនទៅជាធនធានប្រកបដោយសក្តានុពល ដោយត្រូវជម្នះរាល់ឧបសគ្គចំពោះមុខសម្រេចឱ្យបាននូវគោលដៅ និងបំណងប្រាថ្នារបស់ខ្លួន៕

ព័ត៌មានជាប់ទាក់ទង

  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026