
ភ្នំពេញ៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជំរុញឱ្យមានការផលិត និងការបោះពុម្ពឯកសារឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព។
ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ «ការវាយតម្លៃតម្រូវការព័ត៌មានសម្រាប់ជនមានពិការភាពនៅកម្ពុជា» នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វល ភ្នំពេញ ដោយឯកឧត្តមក៏ជំរុញឱ្យមានការពង្រីកស្ថានីយផ្សាយនិងតំបន់គ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រតិបត្តិការដោយជនមានពិការភាព។
រដ្ឋលេខាធិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលនុវត្តថ្មីៗអាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង ខណៈការទទួលបាននូវព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល សេវាសុខភាព សេវាសាធារណៈផ្សេងទៀតរួមទាំងព័ត៌មានសង្គម និងវប្បធម៌ បរិស្ថាន ដែលជាតម្រូវការសំខាន់ ដោយលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបខិតខំស្រាវជ្រាវរកព័ត៌មានថ្មីៗ តាមថ្នាលសារព័ត៌មាននានាដោយប្រើប្រាប់កម្មវិធីដែលមានផាសុកវត្ថុដើម្បីទទួលបានព័ត៌មានដោយជនពិការខ្លួនឯង។
ក្នុងឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់អង្គភាពពាក់ព័ន្ធបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សររត់ អក្សរប្រៃយ៍(អក្សរស្ទាប) អក្សរពុម្ពធំ សំឡេងឲ្យបានទូលំទូលាយដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។
ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបញ្ជាក់ថា ការបង្កើតកម្មវិធីថ្នាលនានានិងឧបករណ៍ជំនួយទំនាក់ទំនង ការនិយាយ ការអាន ការស្តាប់ និង ការមើលឲ្យបានទូលំទូលាយ ដែលជនមានពិការភាពគ្រប់គ្នាអាចប្រើប្រាស់បាន គឺជាចំនុចដ៏សំខាន់សម្រាប់ជនមានពិការភាពទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងឡាយព័ត៌មានរួមគ្នាគិតអំពីតម្រូវការរបស់ជនពិការភាពក្នុងការទទួលបាននូវព័ត៌មានដែលមានលក្ខណៈជាក់លាក់ដែលគិតអំពីតម្រូវទៅតាមប្រភេទពិការភាពផ្សេងៗ ដែលអាចទុកចិត្តបាន ជាមួយនឹងការបកប្រែច្បាស់លាស់ សាមញ្ញ និងទាន់ពេលវេលា៕
















