អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចនាយកដ្ឋានអភិវឌ្ឍន៍គោលនយោបាយ កម្មវិធីសិក្ខាសាលាពង្រឹងការយល់ដឹង ស្តីពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយវនីតិសម្បទា

ភ្នំពេញ៖ ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមបើកកម្មវិធីសិក្ខាសាលាពង្រឹងការយល់ដឹងស្តីពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយវនីតិសម្បទា ក្នុងគោលបំណង ១.ពញាក់ស្មារតីដល់មន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខិតខំសិក្សាស្វែងយល់ អំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច ព្រមទាំងត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រតាមវិស័យនីមួយៗសម្រាប់អាណត្តិថ្មី។ ២.ផ្តល់ឱកាសឲ្យអង្គភាពជំនាញ និងអ្នកចូលរួមទាំងអស់ធ្វើការវិភាគនូវចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួងសង្គមកិច្ច។ ៣. ពិភាក្សានិងប្រមូលមតិត្រឡប់ (feedback) ពីភាគីពាក់ព័ន្ធស្តីពីការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សម្រាប់អាណត្តិថ្មី។

សមិទ្ធផលទាំងនេះក៏បាន និងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តបង្កើតកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម ភាពជឿជាក់់ និងឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងប្រព័ន្ធជំនួញសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្ត ៨ចំណុចសំខាន់គឺ ១.បង្កើនអន្តរាគមន៍សង្គមកិច្ច តាមរយៈមូលនិធិជាតិជំនួយសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព ចីរភាពហិរញ្ញវត្ថុ និងគោលនយោបាយវដ្តនៃជីវិត និងយកចិត្តទុកដាក់បង្កើតឲ្យមានបុគ្គលិកសង្គមកិច្ចស្ម័គ្រចិត្ត (កម្លាំងសេវាសង្គម) ដើម្បីពង្រឹងសមត្ថភាពផ្តល់កិច្ចគាំពារ និងសង្គ្រោះបន្ទាន់ដល់ប្រជាជនក្រីក្រជនងាយរងគ្រោះ និងជនរងគ្រោះដោយមហន្តរាយនានា។ ២.បន្តពង្រីកកម្មវិធីដោះស្រាយបញ្ហាជនអនាថា និង ជនវិបល្លាសស្មារតីឲ្យទទួលបានសេវាសង្គមកិច្ច និងសេវាស្តារវេជ្ជសាស្ត្រផ្នែកសុខភាពផ្លូវចិត្ត ព្រមទាំងការជួយធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងគ្រួសារវិញ។ ៣. ជំរុញនិងលើកទឹកចិត្តការបង្កើតកម្មវិធីមនុស្សធម៌នានា ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ក្រីក្រ និងកសាងលំនៅឋានជូនប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនមានពិការភាព ស្របតាមស្មារតីវប្បធម៌ចែករំលែក។ ៤.បន្តយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបង្កើនការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សតាមរូបភាពផ្សេងៗដូចជា ទេសន្តរប្រវេសន៍ការងារខុសច្បាប់ ការរៀបអាពាហ៍ពិពាហ៍ឆ្លងប្រទេស។ ៥.បន្តជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះតាមរយៈការពង្រឹងមូលនិធិសមធម៌សុខាភិបាល កម្មវិធីជំនួយសង្គម និងកម្មវិធីកញ្ចប់គ្រួសារដែលរួមមាន៖

១).ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោម ២ឆ្នាំ ការឧបត្ថម្ភដល់មនុស្សវ័យចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើង ជនមានពិការភាព និងជនផ្ទុកមេរោគអេដស៍ក្នុងគ្រួសារក្រីក្រ និងផ្តល់អាហារនៅតាមសាលារៀន និងអាហារូបករណ៍ដល់សិស្សក្រីក្រពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

២). ការរៀបចំកម្មវិធីបង្កើតមុខរបរដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

៣).ការរៀបចំកម្មវិធីស្ពានចម្លងសេវាសង្គម ដែលប្រែក្លាយបុគ្គលិកមិនមានវិជ្ជាជីវៈជាមន្ត្រីសង្គមកិច្ច ឲ្យក្លាយទៅជាមន្ត្រីសង្គមកិច្ចអាជីពសម្រាប់ជួយផ្តល់សេវាសង្គមកិច្ចនៅតាមសហគមន៍។

៤).សិក្សាលទ្ធភាពផ្តល់សាច់ប្រាក់ដល់យុវជននៃគ្រួសារក្រីក្រក្នុងកម្មវិធីបណ្តុះបណ្តាល់វិជ្ជាជីវៈ។ ៦.បន្តជំរុញកិច្ចការពារ និងលើកកម្ពស់សុខុមាលភាព និងសិទ្ធិជនមានពិការភាពរយៈការកំណត់អត្តសញ្ញាណកម្មជនមានពិការភាពឡើងវិញ ការបង្កើនគុណភាពការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈការជួយលើកទឹកចិត្តការរកការងារធ្វើ និងការឧបត្ថម្ភជនមានពីការភាពក្រីក្រតាមសហគមន៍។ ៧.បន្តអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ដោយបន្តជំរុញការ អនុវត្តកម្មវិធីអភិវឌ្ឍ មនុស្សវ័យចាស់សកម្មតាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឲ្យបានប្រសើរ។ ពង្រឹង និងគាំទ្រសកម្មភាពសមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ លើកទឹកចិត្តការ បង្កើតកម្មវិធីមនុស្សធម៌នានដើម្បីជួយដល់ជនចាស់ជរា។ ៨.បន្តជំរុញ និងលើកកម្ពស់ការងារយុវនីតិសម្បទា និងកម្មវិធីយុត្តិធម៌អនីតិជន តាមរយៈការបង្ការ ទប់ស្កាត់ព្យបាល និងស្តារនីតិសម្បទាជនរងគ្រោះ ដែលប្រើប្រាស់បំពានសារធាតុញៀនតាមមណ្ឌល និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ព្រមទាំងលើកទឹកចិត្ត និងគាំទ្រកម្មវិធីព្យាបាល និងស្តារនីតិសម្បទាជនរងគ្រោះដែលប្រើប្រាស់បំពានសារធាតុញៀននៅតាមសហគមន៍ និងនៅតាមគ្រួសារ៕

ព័ត៌មានជាប់ទាក់ទង