សាកលវិទ្យាល័យការពារជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការដើម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋមន្រ្តីស្ដីទី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តម លោកជំទាវ លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិកនៃអនុគណៈកម្មការទាំងអស់ និងបណ្ដាអង្គភាពដែលពាក់ព័ន្ធ។
ដោយមានការសម្របសម្រួលពី ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី និងចង្អុលបង្ហាញបន្ថែមដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ប្រធានអង្គប្រជុំ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមរាយការណ៍ពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ជូនអង្គពិធីជ្រាប និងផ្ដល់ជាមតិយោបល់បន្ថែមប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ នឹងប្រារព្វធ្វើនៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។