ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

បញ្ហាជនមានពិការភាពច្រៀងតាមស្តុប កំពុងត្រូវបានជួបពិភាក្សា និងយកចិត្តទុកដាក់ពីក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ

mosvy
2 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០រូប ដែលច្រៀងនៅតាមសាធារណៈ ដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើតមានចំពោះពួកគេ និងសំណូមពរផ្សេងៗ។

កិច្ចពិភាក្សារវាងក្រសួងសង្គមកិច្ច និងជនមានពិការភាពច្រៀងតាមស្តុបនៅថ្ងៃនេះ មានការចូលរួមពីឥស្សរជន និងគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់។ 

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា គោលបំណងនៃការអញ្ជើញបងប្អូនមកចូលរួមក្នុងកម្មវិធីសំណេះសំណាលនាពេលនេះ គឺដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើត មានចំពោះបងប្អូន និងសំណូមពរផ្សេងៗ ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ យកមកពិនិត្យ ពិចារណា និងចាត់វិធានការសមស្របនានា ដើម្បីឆ្លើយតបតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់បងប្អូនឱ្យមានភាពល្អប្រសើរឡើង។

ឯកឧត្តម ឯម ច័ន្ទមករា បន្តថា កន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បាននិងកំពុងអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ច្បាប់ស្ដីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព ផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព និងលិខិតុបករណ៍ជាតិ និងអន្តរជាតិយ៉ាងពេញលេង ក្នុងបំណងលើកស្ទួយជីវភាពរស់នៅ លុបបំបាត់ការរើសអើង និងជំរុញការចូលរួមក្នុងសកម្មភាពសង្គមរបស់ជនមានពិការភាព។

បើតាមតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា សកម្មភាពរបស់ជនមានពិការភាពដែលបាននិងកំពុងច្រៀង លក់ដូរ និងធ្វើសកម្មភាពផ្សេងៗ នៅតាមទីសាធារណៈ គឺជាសិទ្ធិរបស់ពួកគេ តែទង្វើបែបនេះបានធ្វើឱ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ថ្លែងឱ្យដឹងថា បញ្ហាដែលរាជរដ្ឋាភិបាលខ្វល់ខ្វាយនោះគឺ ទី១-ស្ថានភាពសុខភាព ទី២-គ្រោះថ្នាក់ចរាចរណ៍ ទី៣-សេចក្ដីថ្លៃថ្នូរ និងទី៤-កិត្តិយសជាតិ។

ឯកឧត្តមថ្លែងថា៖ «ដូចបងប្អូនបានដឹងហើយថាប្រទេសយើងមានអាកាសធាតុប្រែប្រួលមិនទៀង ពេលខ្លះក្ដៅខ្លាំង មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ដែលទាំងនេះអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពបងប្អូន។ នៅតាមផ្លូវសាធារណៈ និងភ្លើងស្តុបនានាសម្បូរទៅដោយយានយន្តធ្វើចរាចរណ៍យ៉ាងមមាញឹកហើយមានពេលខ្លះ ការបើកបរមានការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត របួសស្នាម ឬធ្វើឱ្យមានពិការភាពផ្សេងទៀត»។

ឯកឧត្តមបន្តថា៖ «ផ្នត់គំនិតរបស់ប្រជាជនយើងអាចវាយតម្លៃថាសកម្មភាពរបស់បងប្អូន គឺជាការសុំទានដែលមិនមែនជាសកម្មភាពលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូរបស់បងប្អូន ដែលផ្ទុយពីប្បញ្ញត្តិនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព និងច្បាប់ជាតិរបស់យើង ហើយសកម្មភាពរបស់បងប្អូននៅតាមទីសាធារណៈមិនបានជួយលើកមុខមាត់ប្រទេសជាតិយើងឡើយ តែវាបានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ហើយប៉ះពាល់ដល់វិស័យទេសចរណ៍យើងផងដែរ»។

ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី បានលើកឡើងថា បើសិនពលរដ្ឋជនមានពិការភាពចង់បានបណ្ណពិការភាព គួរត្រទ្បប់ទៅស្រុកកំណើតដែលមានទីលំនៅដ្ឋាន ដើម្បីអាចធ្វើអត្តសញ្ញាណបណ្ណបាន ដោយទ្បែកចំពោះស្នាក់នៅរាជធានីភ្នំពេញ លុះត្រាតែមានទីលំនៅ។

ជនមានពិការភាពជាច្រើននាក់បានលើកសំណើដូចគ្នាៗ ដោយស្នើឱ្យក្រសួងសង្គមកិច្ចជួយសម្រួលដល់ពួកគេមានលទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជួយសម្រួលឱ្យពួកគេបន្តច្រៀងនៅតាមភ្លើងស្តុប ហើយស្នើឱ្យក្រសួង ពិនិត្យមើលលទ្ធភាពដល់បងប្អូនមានពិការភាពបានចូលក្របខណ្ឌរដ្ឋ។ 

អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ចាប តូ បានលើកទឹកចិត្តដល់បងប្អូនមានពិការភាព ក្រៅពីច្រៀងតាមភ្លើងស្តុប គួរស្វែងរកមុខរបរសមរម្យណាមួយ ដោយរកកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។

ជាការឆ្លើយតប តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា នឹងយកទៅពិនិត្យ និងសិក្សាអំពីអាទិភាព និងលទ្ធភាពណាមួយ ដើម្បីធ្វើយ៉ាងណាជួយបងប្អូនមានពិការភាពមានជីវភាពល្អប្រសើរទ្បើងវិញ។ 

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលមានគោលនយោបាយផ្តល់របបឧបត្ថម្ភជូនដល់បងប្អូនមានពិការភាព ប៉ុន្តែពុំអាចជួយបានគ្រប់គ្រាន់នោះទេ ក្នុងនោះលោកនឹងពិនិត្យទៅលើការកែសម្រួលលិខិតបទដ្ឋាន ដើម្បីបង្កើនរបបឧបត្ថម្ភដល់បងប្អូនមានពិការភាពបន្ថែមស្របតាមសេដ្ឋកិច្ច និងតម្រូវការបច្ចុប្បន្ន។ 

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តឱ្យជនមានពិការភាពរកប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុចំណាន ដែលមិនមានការយកការប្រាក់ ដើម្បីជាដើមទុនក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់យោបល់ថា ចំពោះជនមានពិការភាពណាដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឯកឧត្តមនឹងរៀបចំយន្តការ និងយុទ្ធសាស្ត្រ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាជូនបងប្អូនមានពិការភាពទាំងអស់៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026