ភ្នំពេញ៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងថ្នាក់ដឹកនាំតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ព្រមទាំងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី អាលីហ្សា ឆាកឃឺ បានចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសិទ្ធិអ្នកនិពន្ធទាក់ទងនឹងសិទ្ធិជនមានពិការភាព និងសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា សន្ធិសញ្ញាម៉ារ៉ាកេស ជួយឱ្យជនមានពិការភាពអាចទទួលបានចំណេះដឹង សិទ្ធិមនុស្សជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ទីផ្សារ ការងារ និងសកម្មភាពវប្បធម៌នានា។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាពពិបាកអានឯកសារបោះពុម្ពពុំអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីឯកសារបោះពុម្ពតាមបែបធម្មតាទេ ខណៈជនមានពិការភាពប្រភេទនេះមិនអាចមើលឃើញឬអានអត្ថបទបានឡើយ ដោយត្រូវការឯកសារក្នុងទម្រង់ដែលផ្តល់ភាពងាយស្រួល ដូចជា ឯកសារប្រើប្រាស់អក្សរប្រៃយ៍ឬអក្សរស្ទាប សំលេងជំនួយ សៀវភៅអេឡិចត្រូនិច ឬឯកសារដែលប្រើពុម្ពអក្សរធំៗ។
ឯកឧត្តម ឯម ច័ន្ទមករា គូសបញ្ចាក់ថា សន្ធិសញ្ញាម៉ារ៉ាកេសមានសារសំខាន់ ជាពិសេសជនពិការភ្នែក និងជនខ្សោយគំហើញដែលមានភាគរយខ្ពស់ ក្នុងចំណោមជនពិការសរុបក្នុងប្រទេសកម្ពុជា ពោលគឺរហូតដល់ ៣៥ភាគរយ។
ទន្ទឹមនោះ ឯកឧត្តមក៏បានបន្ថែមឱ្យដឹងថា ជនមានពិការភាពភ្នែកនៅក្នុងប្រទេសកម្ពុជា កំពុងតែមានបញ្ហាប្រឈមក្នុងការទទួលបានការអប់រំសមាហរណកម្ម ក្នុងចំណេះដឹងទូទៅ ជាពិសេសខ្វះខាតម៉ាស៊ីនបោះពុម្ភឯកសារនិងសៀវភៅជាអក្សរស្ទាប (អក្សរប្រៃយ៍) ដែលជនមានពិការភាពភ្នែកអាចប្រើប្រាស់បាន ក្នុងការរៀនសូត្រ ដូច្នេះការបង្កើនលទ្ធភាពទទួលបានឯកសារបោះពុម្ពឯកសារឬសៀវភៅក្នុងទម្រង់ងាយស្រួល អានសម្រាប់ជនមានពិការភាព ជាការចាំបាច់ និងមានសារៈសំខាន់សម្រាប់ ការធ្វើបរិយាប័ន្នសង្គមមួយសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា នេះគឺជាលើកទី២ នៃកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ដែលបានរួមគ្នារៀបចំអង្គសិក្ខាសាលានេះឡើង ក្នុងទិសដៅតែមួយសម្រាប់ការជួយសម្របសម្រួលដល់ជនមានពិការភាពអាចទទួលបាននូវសិទ្ធិទទួលបានព័ត៌មាននិងការអប់រំ។
លោកស្រី អាលីហ្សា ឆាកឃឺ បានលើកឡើងពីសារៈសំខាន់នៃសន្ធិសញ្ញា ម៉ារ៉ាកេស ក្នុងការលើកកម្ពស់ការរួមបញ្ចូលសម្រាប់ជនពិការនៅកម្ពុជា ដោយលោកស្រីបានសង្កត់ធ្ងន់ថា ការទទួលបានចំណេះដឹង គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលបើកទ្វារសម្រាប់ការអប់រំ ការងារ សុខភាព និងការចូលរួមយ៉ាងសកម្មក្នុងវិស័យផ្សេងៗ ខណៈជនមានពិការភាពពិបាកអានឯកសារបោះពុម្ពប្រឈមនឹងការរឹតបន្តឹងក្នុងការចូលប្រើសម្ភារៈបោះពុម្ព ដោយសារកត្តាដូចជា ពិការភ្នែក ខ្សោយគំហើញ វិកលទស្សន៍ ឬពិការកាយសម្បទា ដើម្បីជម្នះឧបសគ្គទាំងនេះ ពួកគេទាមទារទម្រង់ដែលអាចចូលប្រើបាន ដូចជាអក្សរស្ទាប សៀវភៅជាសំឡេង និងការបោះពុម្ពធំជាដើម។
គួរឱ្យដឹងដែរថា យោងតាមរបាយការណ៍នៃការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ បានបង្ហាញថា អត្រាជនមានពិការភាពកម្ពុជាចំនួន ៨៧២ ៥២៧នាក់ ស្មើនឹង ៥,៣% នៃប្រជាជនសរុប ១៣,៥លាននាក់ ជនមានពិការភាពក្នុងការមើលមានចំនួន ៣,១% ខណៈនៅឆ្នាំ២០១៩/២០២០ មានចំនួន ២,៨%។
តាមទិន្នន័យនេះ ជនមានពិការភាពក្នុងការមើលមានការកើនឡើង ដែលចាំបាច់ត្រូវការគាំទ្រនានាទាក់ទងនឹងផាសុកវត្ថុនិងផាសុកសមរម្យ ក្នុងនោះការចូលជាភាគីលើសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស ជាផ្នែកមួយដ៏សំខាន់ក្នុងគាំទ្រដល់ជនមានពិការភាពទាំងអស់៕