
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់គិតគូរអំពីការងារពិការភាព ក្រោមចក្ខុវិស័យធ្វើយ៉ាងណាឲ្យជនមានពិការភាព មានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្ម ស្មើភាព និងពេញលេញនៅក្នុងសង្គម ដែលមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។
ឯកឧត្តម ជា សុមេធី លើកឡើងដូចនេះក្នុង ពិធីខួបទី៣០ឆ្នាំរបស់ដេប៉ាតឺម៉ង់វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប នាថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាកាំបូឌីយ៉ាណា។
ថ្លែងក្នុងពិធីខាងលើនេះ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេសផលិតឧបករណ៍អវយវៈ និងរណប និងការស្តារលទ្ធភាពពលកម្ម ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងបំពាក់ឧបករណ៍សិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយ ផ្សេងៗទៀត នៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងកម្មវិធី នយោបាយ ឆ្នាំ២០២៣-២០២៨ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្តម ជា សុមេធី បានលើកឡើងឱ្យដឹងទៀតថា ក្រសួងសង្គមកិច្ច បាននឹងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ដោយបាន ចាត់ទុកការងារពិការភាព និងស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព ជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាព ទាំង៧ របស់ក្រសួង ខណៈការងារអាទិភាពទាំងនេះ បាននឹងកំពុងត្រូវបានអនុវត្តដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ និងនាយកដ្ឋានសុខុមាលភាពជនពិការ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ដើម្បីកែលម្អវិស័យពិការភាពនៅកម្ពុជា ឱ្យមានប្រសិទ្ធិភាព តាមរយៈការលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរបស់ជនមានពិការភាព ក្រសួងសង្គមកិច្ចបានផ្តល់ឱកាសឲ្យជនមានពិការភាពទទួលបានសមភាពក្នុងការប្រើប្រាស់សេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។
ឯកឧត្តមបានបន្ថែមទៀតថា ក្រសួងក៏បានលើកទឹកចិត្តជនមានពិការភាពចូលរួមរាល់សកម្មភាពសង្គម ដូចជាការចូលរួមក្នុងសកម្មភាពនយោបាយ (ការបោះឆ្នោត និងឈរជាបេក្ខជនសម្រាប់ការបោះឆ្នោត) ការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ការចូលរួមក្នុងការផ្តល់សេចក្តីសម្រេចចិត្តក្នុងការរៀបចំផែនការ អភិវឌ្ឍន៍នានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការចូលរួមសកម្មភាពសិល្បៈ កីឡា ធានាបាននូវសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពត្រូវបានគោរព និងលើកកម្ពស់។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានអំពាវនាវដល់ដៃគូទាំងអស់ សូមពិនិត្យមើលលទ្ធភាពរបស់ខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការចូលរួមចំណែកដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើងក្នុងការធានានូវប្រសិទ្ធភាព សក្តិសិទ្ធភាព និងនិរន្តរភាពនៃកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព និងបន្តការគាំទ្រលើការបណ្តុះបណ្ដាលអ្នកបច្ចេកទេសផលិតអវយវៈ សប្បនិម្មិត និងរណបឲ្យមានដំណើរការប្រកបដោយនិរន្តរភាព។
គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងជំរុញឲ្យមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើត និងអនុវត្តកម្មវិធីនានា ឆ្លើយតបនឹងត្រូវការរបស់ជនមានពិការភាព៕


































