ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និង មន្ត្រីរាជការនៃមូលនិធិជាតិជំនួយសង្គមប្រមាណ១៧២នាក់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនៃទីស្តីការក្រសួង។
នៅឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និង ថែ្លងអំណរគុណចំពោះការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកទាំងអស់នៃមូលនិធិជាតិជំនួយសង្គម និង បានធ្វើការផ្តាំផ្ញើឲ្យបន្តខិតខំបំពេញភារកិច្ចបន្ថែមទៀតដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រ និងគ្រួសារដែលរងហានិភ័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូច្នេះ បន្ទាប់ពីមតិស្វាគមន៍ និង អានរបាយការណ៍វឌ្ឍនភាពការងារ របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម។