ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា និងតំណាងធនាគារ May Bank ជួបពិភាក្សាគ្នាអំពីលទ្ធភាពជួយដល់ជនមានពិការភាពនៅកម្ពុជា

mosvy
25 ខែ​តុលា 2023

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម ឯម ច័ន្ទមករា បានទទួលជួបពិភាក្សាការងារជាមួយនាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារ មេយប៊ែង May Bank លោកស្រី Qazreen Chan Abdullah នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នៅទីស្ដីការក្រសួងសង្គមកិច្ច ដើម្បីរកលទ្ធភាពក្នុងការជួយដល់ជនមានពិការភាពនៅកម្ពុជា។

ថ្លែងក្នុងនាមជាតំណាងឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី, ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានជម្រាបជូនតំណាងធនាគារ May Bank ថាក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យវិស័យពិការភាពកម្ពុជាមានការរីកចម្រើន និងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង។

ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះធនាគារ Maybank របស់ប្រទេសម៉ាឡេស៊ី ដែលចាប់អារម្មណ៍លើភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយឯកឧត្តមសង្ឃឹមថាកិច្ចពិភាក្សានៅថ្ងៃនេះនឹងបង្កើននូវកិច្ចសហប្រតិបត្តិបន្ថែមទៀតដើម្បីរួមចំណែកជួយដល់ជនមានពិការភាពនៅកម្ពុជា។

រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា៖ «ការចូលរួមចំណែករបស់ធនាគារ May Bank លើការចាប់អារម្មណ៍លើការជួយសង្គ្រោះជនរងគ្រោះ ជាពិសេសពាក់ព័ន្ធវិស័យជនពិការភាពគឺជាការជំរុញឱ្យវិស័យនេះកាន់តែមានការរីកចម្រើន»។

ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនលោកស្រី នាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារមេយប៊ែង អំពីដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី «អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥» និងកិច្ចសន្ទនាអាស៊ាន-អាមេរិកកាលពីកន្លងទៅ។

ឯកឧត្តម ឯម ច័ន្ទមករា បានមានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនោះគឺផ្តោតសំខាន់លើបញ្ហារបស់ជនពិការភាពដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ បើពុំមានការប្រែប្រួល រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ នៅទីក្រុងកោះពេជ្រ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខណៈបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១ ២០០លានដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះងាយរងហានិភ័យក្នុងវិបត្តិកូវីដ-១៩ និងក្រោយវិបតិ្តកូវីដ-១៩ អតិផរណា ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

តំណាងធនាគារ Maybank លោកស្រី Qazreen Chan Abdullah បានលើកឡើងពីកម្មវិធី ទទួលបានឯករាជ្យភាព និងសហគ្រិនភាពប្រកបដោយនិរន្តរភាព (R.I.S.E.) ដែលជាកម្មវិធីកម្មវិធីពង្រឹងសេដ្ឋកិច្ចពិសេសដែលស្វែងរកការផ្តល់ការគាំទ្រជាក់ស្តែង និងជាក់ស្តែងសម្រាប់សហគមន៍ជួបការលំបាក ដោយផ្តោតលើជនពិការ (PWDs)។ លោកស្រីថា កម្មវិធីនេះត្រូវបានធនាគារដាក់អនុវត្តន៍ក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលមានគោលដៅបណ្ដុះបណ្ដាល ជនមានពិការភាពជំហានដំបូងចំនួន ១៦០នាក់ផងដែរ។

លោកស្រី Qazreen Chan Abdullah បានលើកថាគម្រោងនេះគឺផ្តោតលើការរកប្រាក់ចំណូលយ៉ាងឆាប់រហ័សរបស់ជនមានពិការភាព ការធានានូវចេរភាពជីវភាពរស់នៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាពនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់លោកស្រី Qazreen Chan Abdullah ដែលបានធ្វើបទបង្ហាញ និងចាប់អារម្មណ៍ជួយដល់បងប្អូនជនមានពិការភាពនៅកម្ពុជា បើទោះបីការជួយនេះអាចជួយត្រឹមតែជនមានពិការភាព ១៦០នាក់ ប៉ុន្តែយ៉ាងហោចណាស់នេះជាការចាប់ផ្តើមមួយជាទីគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានគូសបញ្ជាក់ថា ជនមានពិការនៅកម្ពុជាមានជាង ៨០ម៉ឺននាក់នៃចំនួនប្រជាជនកម្ពុជាសរុបជាង ១៥លាននាក់។

ឯកឧត្តម ឯម ច័ន្ទមករា បានស្នើឱ្យគម្រោងនេះផ្តល់អាទិភាពដល់ជនមានពិការភាពដែលកំពុងច្រៀងតាមទីសាធារណៈ ជនមានពិការភាពគ-ថ្លង់ និងមានពិការភាពកាយសម្បទាដើម្បីទទួលបានផលពីគម្រោងនេះ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026