ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង ATscale “ផ្តល់ជំនួយបច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការសម្របសម្រួលក្នុងភាពជាដៃគូលើការអនុវត្តកម្មវិធីសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព”។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចាត់ទុកពិធីសម្ពោធនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់និងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសេវាស្ដារលទ្ធភាពពលកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធីនិងការសម្របសម្រួលភាពជាដៃគូអនុវត្តគម្រោងសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព ។
រដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម ជា សុមេធី បានលើកឡើងថានៅព្រះរាជាណាចក្រកម្ពុជា មានអត្រាជនមានពិការភាព អាយុ៥ឆ្នាំឡើងសរុបចំនួន ៦៨៩,៤៥៧ នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប (យោងតាមជំនឿឆ្នាំ២០១៩)។ ហើយមូលហេតុចម្បងៗដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត ដែលមូលហេតុទាំងនេះប្រែប្រួលទៅតាមបម្រែបម្រួលប្រជាសាស្រ្ត និងសម័យកាល។
ជាមួយគ្នានោះ ឯកឧត្តម ជា សុមេធី បានបង្ហាញនូវក្តីសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទាំងពីរ និងកម្មវិធីអេធីស្កេល នឹងបង្កើនកម្រិតកិច្ចសហប្រតិបត្តិការឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពនៅកម្ពុជា។
ក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវគម្រោង ATscale នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនា ទាំងនោះ មានចាស់ជរា អ្នកជម្ងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែក និងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសាមីន និងគ្រោះថ្នាក់ចរាចរណ៍។ សំរាប់បញ្ហាភ្នែក អត្រាប្រេវ៉ាឡង់ពិការភ្នែក គឺ ០.៣៧% ក្នុងឆ្នាំ ២០១៩។ យោងតាម ការស្រាវជ្រាវប្រជាសាស្រ្ត CDHS ឆ្នាំ ២០២១-២០២២ ១.៥% នៃគ្រួសារ មានបញ្ហាគំហើញខ្លាំង និងនិង ០.១% មិនអាចមើលឃើញតែម្តង។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តទៀតថា ការទទួលបាននូវការមើលឃើញពិភពលោក និងបរិយាកាសជុំវិញខ្លួនយ៉ាងច្បាស់ ការដែលអាចធ្វើដំណើរ ធ្វើចលនាបានដោយសេរី និងការរស់នៅប្រកបដោយឯករាជ្យ គឺជាសិទ្ធិដែលមិនបដិសេធបានសម្រាប់ជនមានពិការភាពគ្រប់រូប។ ថ្ងៃនេះ យើងសូមប្រកាសថា នេះគឺជាសិទ្ធិដែលជនមានពិការភាពកម្ពុជាគ្រប់រួប ត្រូវទទួលបាននូវសេវាស្តារលទ្ធភាពពលកម្ម និងការថែទាំសុខភាពភ្នែក ហើយវាជាសិទ្ធិដែលជនមានពិការភាពក្នុងសកលលោកត្រូវទទួលបានដើម្បីភាពរីករាយក្នុងជីវិតរបស់ពួកគាត់។
រដ្ឋមន្ត្រីសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបង្ហាញការយល់ឃើញថា “គម្រោង ATscale នេះ គឺយើងត្រូវមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ ហើយយើងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់រូប។ យើងមិនគ្រាន់តែផ្តល់នូវឧបករណ៍អវៈយវៈសប្បនិម្មិតនោះទេ តែយើងក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតអោយប្រសើរឡើង”។
ក្នុងពិធីសម្ពោធនោះដែរ រដ្ឋមន្ត្រីសុខាភិបាលបានប្តេជ្ញាចិត្តខ្ពស់ដើម្បីអនាគតដ៏ល្អរបស់ជនមានពិការភាពក្នុងការធ្វើចលនាបានល្អ អាចមើលឃើញអ្វីៗច្បាស់ និងរស់នៅប្រកបដោយកិត្តិយស។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការរួបរួម និងសហការគ្នា យើងនឹងធ្វើដំណើររួមគ្នាដើម្បីផលប្រយោជន៍ និងអនាគតល្អសំរាប់ជនមានពិការភាព និងពលរដ្ឋកម្ពុជាទាំងមូល៕