ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញចុះពិនិត្យ សមិទ្ធិផលចំនួន ៣ នៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ណ្តាល៖នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យមើល​នូវសមិទ្ធផលធំៗចំនួន ៣នៅក្នុងភូមិសាសស្រ្តឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមិទ្ទិផលទាំងនោះរួមមាន៖ ទី១.ការបង្កើតមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ដែលបានបើកដំណើរការមួយរយៈមកនេះ ទី.២ មណ្ឌលយុវនីតិសម្បទា ដែលទើបបញ្ចប់ការសាងសង់ និងសមិទ្ធផលទី៣ គឺមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលកំពុងស្ថិតក្រោមការសាងសង់នៅឡើយ។

ដោយឡែកមណ្ឌលយុវនីតិសម្បទា ជាមណ្ឌលទី១ នៅកម្ពុជាដែលត្រូវបានបង្កើតឡើង អនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ តាមគម្រោងនៃការផ្ទេរអនីតិជនល្មើសច្បាប់មកទីតាំងមណ្ឌលយុវនីតិសម្បទានេះ គឺអាចចាប់ផ្ដើមឡើងក្នុងកំឡុងខែ មិថុនាខាងមុខ នេះជាការបញ្ជាក់របស់លោក ឌីន បូរី ប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ជ អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោកបន្តថាក្នុងដំណាក់ដំណាក់កាលដំបូងនេះ គឺគ្រោងដាក់ចំនួន ១០០ ទៅ២០០នាក់ ដើម្បីសាកល្បង។ ចំណែកលទ្ធភាពផ្ទាល់របស់មណ្ឌលទាំងមូល គឺអាចទទួលអនីតិជនល្មើសច្បាប់ចំនួនរហូតដល់ ២០០០នាក់។ លោកពន្យល់បន្ថែមថា ការផ្ទេរអនីតិជនមកទីតាំងមណ្ឌលនេះគឺមានរយៈពេលកំណត់ ក្នុងករណីអនីតិជនល្មើសច្បាប់ត្រូវបន្តទោសបន្ថែមទៀត គឺពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ៕

ព័ត៌មានជាប់ទាក់ទង