មណ្ឌលយុវនីតិសម្បទាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កណ្តាល៖ នាព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ស្ថិតក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាយុវជន គឺជាកង្វល់របស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសទៅអនាគតរបស់ពួកគេក៏ដូចជាប្រទេសជាតិ។ សម្តេចថា រាជរដ្ឋាភិបាលមិនអាចទុកចោលកុមារ និងយុវជនបន្តខូចអនាគតនោះទេ ដូច្នេះហើយទើបបង្កើតឱ្យមានមណ្ឌលយុវនីតិសម្បទានេះឡើង។
សម្ដេចក្រឡាហោម ថា៖ «យើងបានយកចិត្តទុកដាក់ក្នុងការតាមដានពួកគាត់ជួយពួកគាត់ មិនមែនតាមដានរឿងអីទេ គឺថាជួយផ្ចុងផ្ដើមពួកគាត់ធ្វើឱ្យពួកយគាត់កែខ្លួន។ ព្រោះសាលារៀនយើងធ្វើហើយដែលអាចទៅរៀនបាន ទោះបីជាមានកន្លែងខ្លះឆ្ងាយតែយើងមាន អនុវិទ្យាល័យមានគ្រប់ឃុំ ឃុំខ្លះមានដល់២ ហើយបើរាជធានីមានដល់៣អីនោះជាការយកចិត្តទុកដាក់ដើម្បីកសាងទំពាំងស្នងឬស្សី តែដល់ទំពាំងហ្នឹងខូចវាមិនល្អយើងតាមមកទៀតដើម្បីនឹងធ្វើមជ្ឈមណ្ឌលស្ដារនីតិសម្បទាដល់អនីតិជនហ្នឹង ដល់ទំពាំងហ្នឹងទៀត»។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា បច្ចុប្បន្នមានអនីតិជនដែលត្រូវជាប់ឃុំខ្លួននៅតាមពន្ធនាគារនានាទូទាំងប្រទេសចំនួន១៤២២នាក់ ក្នុងនោះមានជនត្រូវចោទ៤៥០នាក់ ជនជាប់ចោទ៣១០នាក់ ពិរុទ្ធជន៤២១ និងទណ្ឌិត២៤១នាក់។ អនីតិជនទាំងនេះមានបទល្មើសទាក់ទងនឹងគ្រឿងញៀន ៤៥២នាក់ ប្លន់១២៥នាក់ លួច១០៩នាក់ មនុស្សឃាតនិងឃាតកម្ម៣៤នាក់ រំលោភ៣១នាក់ និងផ្សេង៦៧១នាក់។

នាឱកាសនេះដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា មណ្ឌលយុវនីតិសម្បទាដែលត្រូវសម្ពោធនាថ្ងៃនេះ ចាប់ផ្ដើមកសាងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្កៃទី៣០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ មជ្ឈមណ្ឌលនេះមានបន្ទប់សម្រាប់មន្ត្រីបំពេញការងារ និងស្នាក់នៅ បន្ទប់ទទួលភ្ញៀវ បន្ទប់ថែទាំ និងបន្ទាប់សម្រាប់អនីតិជនស្នាក់នៅចំនួន ៩២បន្ទប់ដែលអាចទទួលអនីតិជនស្នាក់នៅបានចំនួន ១ ១៤០នាក់។ ក្រសួងសង្គមកិច្ចក៏មានគម្រោងរៀបចំអាគារសម្រាប់បណ្ដុះបណ្ដាលដល់អនីតិជនដែលមានទីតាំងក្នុងមណ្ឌលនេះនាពេលខាងមុខផងដែរ៕

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបន្ថែមថា ការសង់មណ្ឌលស្តារនីតិសម្បទាពិតជាសំខាន់ណាស់ គឺជាភស្តុតាងមួយ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដើម្បីជម្រុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌ យុទ្ធជនតាមរយៈការពង្រឹងការអប់រំ បណ្តុះ
បណ្តាលនិងស្តារនីតិសម្បទា ស្របតាមការវិវត្តជាក់ស្តែងរបស់កម្ពុជា ។ មណ្ឌលនេះ មិនត្រឹមតែជាកន្លែងទុកអនីតិជនខុសច្បានប់ប៉ុណ្ណៈទេ តែថែមទាំងជាកន្លែងបណ្តុះបណ្តាលទៅលើទឹកដីសន្តិភាព គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រៅពីការយកចិត្តទុកដាក់ទៅលើមណ្ឌលមួយនេះ ក្រសួងសង្គមកិច្ចក្នុងបរិបទកូវីដ១៩នេះ ក្រសួងក៏បានធ្វើការងារទៅការជួយប្រជាពលរដ្ឋរងគ្រោះ ,បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជា២៤ម៉ឺននាក់ ដែលជាកម្មវិធីជំនួយសង្គមដែលមានលក្ខណៈអចិន្រ្តៃយ៏ និងជួយដល់ប្រជាពលរដ្ឋក្រីក្រ អំឡុងពេលកូវីដ១៩ ដែលមានអ្នកទទួលផលរង្វង់៧០ម៉ឺនគ្រួសារ ៕

ព័ត៌មានជាប់ទាក់ទង