ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី សិល្បៈនៃការប្រាស្រ័យទាក់ទងប្រកបដោយឥទ្ធិពល

mosvy
14 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា នៅកម្ពុជាសមភាពយេនឌ័រ និងស្ថានភាពស្រ្តីត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការលើកកម្ពស់សមត្ថភាពស្ត្រី និងការចូលរួមរបស់ស្ត្រីគ្រប់វិស័យ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី សិល្បៈនៃការប្រាស្រ័យទាក់ទងប្រកបដោយឥទ្ធិពល នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវ ញ៉េប សុភាព បញ្ជាក់បន្ថែមថា ជាពិសេសការជំរុញលើកទឹកចិត្តស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងការបង្កើនកាលានុវត្តភាពនានាដល់ស្ត្រីពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងគោលដៅអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកជំទាវ ញ៉េប សុភាព បានឱ្យដឹងទៀតថា ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពស្ត្រី ក្រសួងសង្គមកិច្ច សហការជាមួយក្រសួងកិច្ចការនារី ផ្តល់ការគាំទ្របច្ចេកទេស និងទទួលការឧបត្ថម្ភគាំទ្រថវិកាពីអង្គការមូលនិធិកុមារកម្ពុជា បានរៀបចំសិក្ខាសាលាខាងលើនេះ ជាមួយថ្នាក់ដឹកនាំក្រសួងឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់សាធារណៈជនទាំងបុរស និងស្រ្តីជាថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការអំពីការលើកកម្ពស់ចំណេះដឹងថ្នាក់ដឹកនាំជានារី ក្នុងការធ្វើសេចក្តីសម្រេច ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងបង្ហាញពីភាពអង់អាចដល់ស្រ្តី ការពង្រឹងសមត្ថភាពដល់ស្រ្តីជាអ្នកដឹកនាំ។

ទន្ទឹមនេះ លោកជំទាវបានគូសបញ្ជាក់ថា ផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល ដោយដាក់ចេញជាយុទ្ធសាស្រ្តគឺការលើកកម្ពស់តួនាទីស្រ្តីតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្រ្តី ក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងកម្រិតនយោបាយនិងកម្រិតជំនាញ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានស្នើឱ្យបន្តលើកកម្ពស់សមធម៌យេនឌ័រជំរុញភាពអង់អាចរបស់ស្រ្តីក្នុងសេដ្ឋកិច្ចដោយជំរុញការបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស និង ផ្តល់កាលានុវត្តភាពដល់ស្រ្តី ក្នុងការពង្រីកមុខរបរ បង្កើនចំណូល និងកសាងសហគ្រិនភាព បង្កើនឱកាសរៀនសូត្រសម្រាប់ស្រ្តី និងក្មេងស្រី ពិសេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា។

រដ្ឋលេខាធិការរូបនេះ រំពឹងថាសិក្ខាសាលាក្នុងថ្ងៃនេះ សិក្ឋាកាមទាំងអស់នឹងយកចំណេះដឹងជាបទពិសោធន៍ និងដំណោះស្រាយល្អៗ ថ្ងៃនេះចែករំលែកនៅតាមអង្គភាពរៀងខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ បន្តបញ្រ្ជាបយេនឌ័រក្នុងដំណើរការតាក់តែង និងអនុវត្តគោលនយោបាយកម្មវិធី និងផែនការយុទ្ធសាស្រ្តក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងប្រើប្រាស់នូវចំណេះដឹងដែលទទួលបានក្នុងថ្ងៃនេះ សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកជំទាវ ញ៉េប សុភាព ក៏រំពឹងដែរថាសិក្ខាកាមនឹងបន្តពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងគុណតម្លៃក្នុងការដឹកនាំខ្លួនឯង និងបន្តដឹកនាំក្នុងក្រុមនឹងអង្គភាព និងពង្រឹងបន្ថែម និងលើកទឹកចិត្តក្នុងការធ្វើការជាក្រុម សាមគ្គីភាព បង្កើននូវទំនាក់ទំនងល្អ បង្កើតបរិយាកាសការងារល្អក្នុងអង្គភាពនិងស្ថាប័ន ព្រមទាំងបន្តស្វែងរកឱកាស ចាប់យកឱកាស និងប្រើប្រាស់ឱកាស សម្រាប់បង្កើននូវសមត្ថភាព សុច្ចរិតភាព សេចក្តីថ្លៃថ្នូរ និងគុណតម្លៃគ្រប់គ្រាន់ស្របនឹងប្រទេសជាតិ សង្គមជាតិបាននឹងកំពុងអភិវឌ្ឍន៍៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026