នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមប្រធានបទ
«មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងបានគិតគូរខ្ពស់ពីសុខទុក្ខរបស់មនុស្សចាស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាសនិងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយថា ទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យ ចាស់ ដែលជាបុព្វការីជននៅក្នុងសង្គមជាតិ ដែលយើងទាំងអស់គ្នាបានដឹងហើយថា មនុស្សវ័យចាស់គឺជាបុព្វការីជនដែលមានគុណូបក្ការៈយ៉ាងធំធេងមិនថាចំពោះគ្រួសារ ឬសង្គមជាតិឡើយ ពួកគាត់មានបទពិសោធន៍ក្នុងការបង្កើតធនធានដ៏មានសារៈប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា ជាគំរូសម្រាប់មនុស្សជំនាន់ក្រោយក្នុងការកសាងគ្រួសារ សហគមន៍ និងសង្គមជាតិ។ ជាក់ស្តែងប្រជាជាតិខ្មែរយើងមានប្រពៃណីវប្បធម៌ល្បីល្បាញ និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ គឺផ្សារភ្ជាប់ទៅនឹងគំរូវីរៈភាព និងមនសិការប្រកបដោយការទទួលខុសត្រូវរបស់មនុស្សវ័យចាស់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ព្រមទាំងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះមាន និវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើកផ្តល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្តការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធីថែមទៀតផង៕