ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកិច្ចការ និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់សៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: (FMM) នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាព ប្រធានមន្ទីររាជធានី ខេត្ត ចំណុះក្រោមក្រសួង សអយ និង ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ១២០នាក់។ សូមជម្រាបថា សៀវភៅមគ្គុទេសក៍ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:(FMM) រៀបចំឡើងដើម្បីតម្រង់ទិសដល់អង្គភាពហិរញ្ញវត្ថុ និងអង្គភាពថវិកាទាំងអស់ចំណុះក្រសួងក្នុងការអនុវត្តការងារហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពលើការអនុវត្តនីតិវិធី នៃការគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធ,នីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម, នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនឹងទ្រព្យសកម្មរបស់អង្គភាពនិងក្រសួង, នីតិវិធីនៃការគ្រប់គ្រងគ្រឹះស្ថានសាធារណ:រដ្ឋបាល, នីតិវិធីនៃការតាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម និងនីតិវិធីនៃការធ្វើសវនកម្ម និងអធិការកិច្ចរបស់ក្រសួង។