ជនពិការក្រីក្រនៅតាមសហគមន៍ចំនួន ៦២៤នាក់ ក្នុងខណ្ឌព្រែកព្នៅ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ជនពិការក្រីក្រ ចំនួន ៦២៤នាក់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល នេះបង្ហាញឲ្យឃើញថា ជាការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់បងប្អូនជនមានពិការភាព។ នេះ ជាការឡើងរបស់ ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីបើក~ផ្ដល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមសំនៀងតន្ត្រីជនពិការ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជរាជធានីភ្នំពេញ លោកស្រី សក់ ចិន្តារី នាយករងរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី សក់ ស៊ីថា អភិបាលរងតំណាងឯកឧត្តម សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករការ។

ឯកឧត្តម បានបន្ថែមថា ក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង បន្ថែមពីលើនេះទៀតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកាន់តែត្រូវបានស្វែងរកឲ្យឃើញពីការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនមានពិការភាពឲ្យមានភាពកាន់តែប្រសើរឡើងជាលំដាប់ជាពិសេសការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅប្រកបទៅដោយឯករាជ្យព្រមទាំងសុខមាលភាពពេញលេញដោយលើកកម្ពស់ស្មើគ្នាចំពោះមុខច្បាប់នៅក្នុងសង្គម។

លោកស្រី មុំ ចាន់ដានី បានថ្លែងថា ក្នុងបរិបទកូវីដ-១៩ ដែលជាវិបត្តិសកល រាជធានីភ្នំពេញក៏បានប្រឈមការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះក៏មានបងប្អូនជនមានពិការភាពមួយចំនួនបានទទួលរងផលប៉ះពាល់វិជ្ជមានកូវីដ-១៩ ផងដែរ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលក្នុងការថែទាំព្យាបាល និងការទប់ស្កាត់ព្រមទាំងយុទ្ធនាការ ចាក់វាក់សាំងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេសដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះបងប្អូនជនមានពិការភាពទូទាំងប្រទេសក៏ដូចជាបងប្អូនជនមានពិការភាពរាជធានីភ្នំពេញ ក៏ទទួលបានការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ក្នុងការការពារអាយុជីវិតផងដែរ។

លោកស្រីបន្ថែមថា ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលមានពិការភាព ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រដែលរងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំចង្អុលបង្ហាញ និងគាំទ្រផ្នែកបច្ចេកទេស សម្របសម្រួល និងត្រួតពិនិត្យដាក់ចេញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាពសំដៅផ្តល់ផលប្រយោជន៍ដល់ក្រុមគោលដៅរងគ្រោះ និងងាយរងគ្រោះ បានតាមការរំពឹងទុក។

លោកស្រីបញ្ជាក់ថា ជនពិការក្រីក្រដែលត្រូវទទួលបានរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានចំនួន ៦២៤នាក់ ស្រី៣០៨នាក់ ដែលមកពីសង្កាត់ចំនួន៥ ក្នុងនោះមាន ៖ សង្កាត់គោករកាចំនួន៥៣០នាក់ សង្កាត់ពញាពន់៣៤នាក់ សង្កាត់ព្រែកព្នៅ៤៧នាក់ សង្កាត់ពន្សាំង ៨នាក់ និងសង្កាត់សំរោង ៥នាក់ សរុបទឹកប្រាក់ចំនួន ១៤៧.០០០.០០០រៀល។ ថ្ងៃនេះ ជនពិការក្រីក្រដែលទទួលបានរបបគោលនយោបាយ មានចំនួន៥៣០នាក់ ចំពោះជនពិការក្រីក្រចំនួន ៩៤នាក់ បានបើកផ្តល់ជូន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ រួចរាល់ហើយ៕

ព័ត៌មានជាប់ទាក់ទង