ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំឥស្សជននិងមន្ត្រីជំនាញក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញទស្សនកិច្ចវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការអ៉ិកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ ដែលមានទីតាំងស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានអញ្ជើញជួបនិស្សិតតាមបន្ទប់សិក្សានីមួយៗដែលមាននិស្សិតកំពុងសិក្សានៅទីនោះ និងបានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានដែលបានខិតខំធ្វើការបណ្តុះបណ្តាលជំនាញដល់និស្សិតនៅទីនោះរួមទាំងនិស្សិតខ្មែរ និងបរទេស។
ក្នុងជំនួបជាមួយសាស្ត្រាចារ្យ និងនិស្សិតក្នុងវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការអ៉ិកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ ឯកឧត្តម ជា សុមេធី បានថ្លែងថាបញ្ហាពិការភាពគឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះរួមមានការស្តារនីតិសម្បទាជូនជនដែលបាត់បង់កាយសម្បទា។ ឯកឧត្តម ជា សុមេធី បានលើកឡើងថាបច្ចុប្បន្នជនមានពិការភាពមានការកើនឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងជំងឺទឹកនោមផ្អែម។ល។ ដែលទាមទារឱ្យមានការជួយស្តារកាយសម្បទាឱ្យបានល្អចំពោះប្រជាជនដែលមានតម្រូវការ។
រដ្ឋមន្ត្រីរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះអង្គការអ៉ិកស៊ីដវើលវ៉ាយ ដែលបានចូលរួមជួយនិងសហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច និងបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ អ្នកជួយមើលថែទារកនិងកុមារ ពិសេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ។
វិទ្យាស្ថានជាតិសង្គមកិច្ចត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ក្នុងគោលដៅអប់រំបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវមន្ត្រីរាជការផ្ទៃក្នុងក្រសួង និងមន្រ្តីពាក់ពន្ធអនុវត្តការងារសង្គមកិច្ច សិក្សាស្រាវជ្រាវលើវិស័យសង្គមកិច្ចដើម្បីឆ្លើយនឹងសំណូមពរនិងតម្រូវការជាក់ស្តែង សម្រាប់បម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះនិងងាយរងគ្រោះតាំងពីចាប់កំណើតក្នុងផ្ទៃរហូតដល់ស្លាប់។ “នេះបើតាមការលើកឡើងរបស់លោក វង្ស ភាៈ នាយករងវិទ្យាស្ថានជាតិសង្គមកិច្ច”
វិទ្យាស្ថានមានបេសកកម្មធំពីរគឺ បណ្ដុះបណ្ដាល និង ស្រាវជ្រាវលើវិស័យសង្គមកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថានមានមន្ត្រីសរុបចំនួន ៧៨រូប គ្រូបង្រៀន ៣៨រូប មន្ត្រីជាប់កិច្ចសន្យា ៤រូប។
វិទ្យាស្ថានបានបណ្ដុះបណ្ដាលនិស្សិតចំនួន ៧ជំនាន់រួចមកហើយ ស្មើរនឹងនិស្សិតសរុបចំនួន ៤៥៧ នាក់ក្នុងនោះនិស្សិតជំនាញសង្គមកិច្ចវិទ្យាមានចំនួន ១២៨នាក់ និងនិស្សិតបរទេសចំនួន ១៨នាក់។ រីឯនិស្សិតជំនាញសង្គមកិច្ចវិទ្យាទាំង ១២៨នាក់ និស្សិតដែលបានចូលបម្រើការងាររដ្ឋក្នុងចន្លោះប្រមាណពី ១៥-២០ភាគរយប៉ុណ្ណោះចំនួននេះតិចតួចនៅឡើយបើទៀបទៅនឹងតម្រូវការជាក់ស្តែងក្នុងសង្គម។
រីឯ អង្គការអង្គការអ៉ិកស៊ីដវើលវ៉ាយ ជាសាលាបណ្តុះបណ្តាលអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវយៈសិប្បនិម្មិតនិងរណបកម្ពុជា (នៅប្រទេសជិតខាងនិងប្រទេសជាច្រើនទៀតគេហៅថាគ្រូពេទ្យអវយវៈសិប្បនិម្មិតនិងរណប) បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវៈសិប្បនិម្មិតនិងរណប ជូនដល់ជនមានពិការភាពដោយសារសង្គ្រាម និងជំងឺផ្សេងៗ។
ការបង្កើតសាលាបណ្តុះបណ្តាលនេះគឺទទួលបានការគាំទ្រពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជាមួយនិង អង្គការទាំង១១ ផ្សេងទៀតដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្រោមវិស័យដូចគ្នា។ នៅពេលចាប់ផ្តើម សាលាមានទីតាំងបណ្ដោះអាសន្ននៅមន្ទីពេទ កាល់ម៉ែត្រ បន្ទាប់មកក៏ត្រូវបានផ្លាស់ប្ដូរទៅរកទីតាំងថ្មី ដែលសាលាត្រូវជួលឃ្លាំងមួយកន្លែងក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវដើម្បីបន្ត ដំណើរការបណ្តុះបណ្តាលរបស់ខ្លួន។ ការសងសង់សាលាបានបញ្ចប់នឹងសម្ភោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០។
សាលាបានបណ្ដុះបណ្ដាលអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវយៈសិប្បនិម្មិតនិងរណបនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានកម្មវិធីបណ្តុះបណ្តាលដែលត្រូវបានទទួលយកជាគំរូក្នុងការបង្កើតសាលានៅប្រទេសក្នុងតំបន់ដូចជា ស្រីលង្កា ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន នឹងប្រទេសមីយ៉ានម៉ា។
ក្នុងឆ្នាំ ២០១៣ សាលាត្រូវបានដាក់បញ្ចូលទៅក្នុងវិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសិម្បទា ជាដេប៉ាតឺម៉ងវិស្វកម្មឧបករណ៍អវយវយៈសិប្បនិម្មិត និងរណបរហូតមកដល់ពេលបច្ចុប្បន្ន។
សាលាមានកម្មវិធីបង្រៀនពីរកម្រិតគឺកម្រិតបរិញ្ញបត្រសិក្សារយៈពេលបីឆ្នាំលើជំនាញអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវយៈ សិប្បនិម្មិតនិងរណប និងកម្រិតវិញ្ញបនបត្រសិក្សារយៈពេលមួយឆ្នាំលើជំនាញជំនួយការអ្នកបច្ចេកទេសផលិតអវយវយៈសិប្បនិម្មិតនិង រណប កម្រិតទាំងពីរនេះត្រូវបានទទួលស្គាល់ដោយសមាគមអន្តរជាតិអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិតនិងរណប (ISPO) ក្នុងឆ្នាំ ១៩៩៨ និងពីស្ថាបនស្តង់ដារអន្តរជាតិ ISO ពីឆ្នាំ២០០២។ សាលាចាប់ផ្តើមទទួលបណ្ដុះបណ្តាលនិសិ្សតអន្តរជាតិពីឆ្នាំ១៩៩៨។
ដោយឡែក មជ្ឈមណ្ឌលទារកនិងកុមារជាតិ កំពុងផ្តល់សេវាថែទាំដល់ទារកនិងកុមារសរុបចំនួន ១៧០នាក់ មានអាយុចន្លោះពី ៣ខែ ដល់៤៣ឆ្នាំ ក្នុងកុមារមានពិការភាពចំនួន១៥៦ កុមារមានផ្ទុកជំងឺហ៉ីវ (HIV) ចំនួន៧នាក់ និងកុមារធម្មតាចំនួន០៧។ មជ្ឈមណ្ឌលនេះមន្ត្រីនិងបុគ្គលិកមើលថែសរុបចំនួន៨៣នាក់។
្នុងចំណោមកុមារ និងយុវជនមានពិការភាពទាំង ១៧០នាក់ខាងលើ មានកុមារនិងយុវជនចំនួន ៧៥នាក់ អាចទទួលទានអាហារដោយខ្លួនឯងបាន និងកុមារនិងយុវជនចំនួន ៩៥នាក់ត្រូវការអ្នកថែទាំបញ្ចុក។ កុមារចំនួន ៣៥នាក់ ត្រូវទទួលទានបបររ៉េហ្សីម និងកុមារចំនួន ៣០នាក់ ត្រូវប្រើប្រាស់ (លេប) ថ្នាំប្រកាច់ជារៀងរាល់ថ្ងៃ។
កុមារនិងយុវជនទាំងនោះភាគច្រើន ទទួលពីមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ មន្ទីពេទ្យជប៉ុន និងទទួលពីអាជ្ញាធរដែនដីដែលត្រូវបានឪពុកម្តាយ ឬសាច់ញាតិបោះបង់ចោល ឬស្លាប់ចោល និងមួយចំនួនត្រូវឪពុកម្តាយបោះបង់ចោលនៅខាងមុខមជ្ឈមណ្ឌលតែម្តង៕







































