ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រី ជា សុមេធី វាយគង ទូងស្គរយ៉ាងរំពងអបអរសាទរការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទ កោះកេរ  ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 

mosvy
20 ខែ​កញ្ញា 2023

ភ្នំពេញ៖ សូរសំឡេងវាយគង ទូងស្គរ ជាមួយការស្រែកជ័យឃោសបានលាន់រំពងពេញក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះបានរៀបចំយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឥស្សរជនជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការរាប់រយនាក់នៅទីស្តីការក្រសួង។ 

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានវាយគងចំនួន ៩ដង អមដោយការទូងស្គរ គ្រវីទង់ជាតិ សាសនា និងព្រះមហាក្សត្រពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលជាការបង្ហាញពីការចូលរួមអបអរសាទរបំផុតចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ 

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានអានសាររបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ដែលបានគោរពជូន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសូមសម្ដែងនូវមនោសញ្ចេតនាសោមនស្សរីករាយឥតឧបមា និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយ៉ូណេស្កូបានដាក់បញ្ចូល រមណីដ្ឋានប្រាសាទ កោះកេរ  ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ”។ 

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា ការពិនិត្យនិងអនុម័តជាឯកច្ឆ័នចុះបញ្ជី រមណីដ្ឋានប្រាសាទកោះកេរ  នៅក្នុងបេតិកភណ្ឌពិភពលោកនៅពេលនេះ បន្ទាប់ពីកម្ពុជាបានស្នើទៅអង្គការយូណេស្កូតាំងពីឆ្នាំ២០១៨មកម្ល៉េះ តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ប្រការនេះបានបង្ហាញពីការទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលតាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំង ទទួលស្គាល់ថា រមណីយដ្ឋានប្រាសាទកោះកេរ  រក្សាបាននូវភាព integrity និងAuthenticity ពេញលេញដែលជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសកលដ៏ចំណាន ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយអតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ភាពសុខដុមរមនា ក៏ដូចជាការដឹកនាំកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងប្រពៃណី ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនកម្ពុជាយើងនិងជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត។ 

ក្នុងឱកាស ឯកឧត្តម ឯម ច័ន្ទមករា ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងថ្នាក់ដឹកនាំក្រសួងទាំងអស់ក៏បានបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកប្រោះព្រំសព្ទសាធុការគោពជូន សម្តេចអគ្គមហាបវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026