ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ជាសុមេធី ព្រមទាំងឥស្សរជននៃក្រសួងសង្គមកិច្ច អញ្ជើញធ្វើទស្សនកិច្ចនៅអង្គការម្លប់តាប៉ាង ស្ថិតនៅភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា សុមេធី បានថ្លែងអំណរគុណនិងបានកោតសសើរដល់គណៈគ្រប់គ្រងនៃអង្គការម្លប់តាប៉ាងដែលយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចការក្នុងអង្គការនេះ និងបាននាំយកការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់កុមារកំព្រាគ្រប់ទីកន្លែង។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានចារលើសៀវភៅអនុស្សាវរីយ៍របស់អង្គការដោយមានខ្លឹមសារថា៖«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការម្លប់តាប៉ាង ដែលបង្កលក្ខណៈល្អប្រសើរក្នុងការរៀបចំកម្មវិធីឱ្យគណៈប្រតិភូនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា បានចុះមកទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពនៃមណ្ឌលម្លប់តាប៉ោងនាថ្ងៃនេះ។ តាងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមខ្លួនផ្ទាល់ ខ្ញុំសូមជូនពរដល់អង្គការតាប៉ាងដំណើរការកាន់តែជោគជ័យ និងសូមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងកុំបីឃ្លៀងឃ្លាតឡើយ»៕
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ជាសុមេធី បានឧបត្ថម្ភដល់អង្គការម្លប់តាប៉ាងចំនួន៥លានរៀលដើម្បីជាការចូលរួមជួយដល់កិច្ចការអភិវឌ្ឍបន្តរបស់អង្គការ។
អង្គការម្លប់តាប៉ាង ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានបេសកកម្មផ្ដល់សេវាជាច្រើនដល់កុមារ យុវជនរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅក្នុងខេត្តព្រះសីហនុ។ អង្គការនេះមានគោលបំណងចង់ឃើញកុមារទាំងអស់រស់នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់គេប្រកបដោយសុវត្ថិភាព សុខភាពល្អ និងមានសុភមង្គលដែលបាននូវការគោរពស្រលាញ់ស្មើៗគ្នា និងជម្រើសវិជ្ជមាន ដើម្បីឱ្យពួកគេមាន អនាគតល្អ។
កុមារដែលទទួលមករស់នៅក្នុងអង្គការម្លប់តាប៉ាងនេះ រួមមានកុមារតាមថ្នល់ កុមារងាយរងគ្រោះ និងកុមាររងគ្រោះនៅខេត្តព្រះសីហនុទាំងអស់ទទួល បាននូវសុវត្ថិភាព ការថែទាំ គាំទ្រផ្លូវកាយ និងផ្លូវចិត្ត ដោយផ្តល់ឱ្យពួកគេមានឱកាសទទួលបាននូវការអប់រំ ការបណ្ដុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត សកម្មភាពច្នៃប្រឌិត ការបង្រួបបង្រួមកុមារនឹងគ្រួសារ និងការការពារពួកគេពីការ រំលោភបំពានផ្សេងៗ គ្រប់រូបភាព ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អក្នុងសង្គម ដោយឈរលើគុណតម្លៃក្នុងការអនុវត្ត ការងារដូចជា គោរព និងគិតពីឧត្តមប្រយោជន៍កុមារ គោរពស្រលាញ់ចំពោះកុមារស្មើៗគ្នា គ្មានរើសអើង និង ជាគំរូល្អ និងមានយល់ចិត្តការងារប្រកបដោយឆន្ទៈ និងជំនាញវិជា្ជជីវៈ។
អង្គការម្លប់តាប៉ាង មានកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកចុងក្រោយចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សុពលភាពដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មានថវិកាសរុបសម្រាប់ប្រើប្រាស់ ៨៤៨ ៧០០ ដុល្លារសហរដ្ឋអាមេរិក (នាយកដ្ឋានសុខុមាលភាពសង្គមទទួលបន្ទុក)។ ក្នុងនោះ អង្គការម្លប់តាប៉ាងនេះមានបុគ្គលិកសេវាចំនួន២២៦ និងកុមារចំនួន១៣០នាក់៕