ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងពលរដ្ឋគ្រប់រូបចូលរួមបង្ហាញនូវអំពើល្អ និងកាយវិការល្អលើអ្នកដទៃជាពិសេសជួយមនុស្សចាស់ជរា ដែលជាកាយវិការដ៏ល្អ និងជាគំរូដល់មនុស្សជំនាន់ក្រោយបានរៀនសូត្រអនុវត្តន៍បន្តផងដែរ។
ក្នុងសារលិខិតអបអរទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលចុះហត្ថលេខានៅថ្ងៃទី២៨ ខែកញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រពៃណីទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូរបែបនិងសមិទ្ធផលទាំងឡាយហើយត្រូវបានរក្សាគង់វង្សមកដល់សព្វថ្ងៃនេះគឺកើតចេញពីការអប់រំប្រៀនប្រដៅពីបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យ ដែលជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្រ្ត ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។
សម្ដេចធិបតីបន្ថែមថា ទម្លាប់នៃការគោរពចាស់ព្រឹទ្ធាចារ្យ និងមនុស្សចាស់ បានក្លាយជាគោលនៃគុណធម៌ដេលបង្កើតឡើងជាវប្បធម៌និងប្រពៃណីសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួនថែមទៀត។ ផ្អែកលើការដឹងគុណនេះហើយទើបរដ្ឋាភិបាលបានកសាងច្បាប់ និងគោលនយោបាយជាតិជាបន្តបន្ទាប់ដើម្បីលើកស្ទួយសុខមាលភាពរបស់មនុស្សចាស់ឱ្យបានល្អប្រសើរឡើងបន្ទាប់ពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ខណៈដែលរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កម្មវិធីគោលនយោបាយក្នុងយុទ្ធសាស្ត្របញ្ចកោណក៏បានដាក់បញ្ចូលមនុស្សចាស់ក្នុងការងារអទិភាពមួយផងដែរគឺបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងមុំទី៤ ដែលមានគោលដៅកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្ដុំ សង្គតិភាព ទាំងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្ដិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្ដិសុខស្បៀង នឹងអាហាររូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួន ពីព្រោះកាយវិការល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម ដែលយើងនឹងបានទទួលនូវភាពកក់ក្ដីពោពេញដោយក្ដីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើងបានទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ»។
សម្ដេចបានអំពាវនាវដល់ ក្រសួង ស្ថាប័នអាជ្ញាធរជាតិពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ្រគ្រប់មធ្យោបាយលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង ពេលចុះមូលដ្ឋានសូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ជនចាស់ជរាជាពិសេសជនចាស់ជរាដែលមានការលំបាក ត្រូវជួយពង្រឹងនិងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមករវាងមនុស្សចាស់ទូទៅនៅក្នុងប្រទេស។ សម្ដេចក៏បានជំរុញដល់កាកបាទក្រហម មូលនិធីស្ថានីយ៍វិទ្យុទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភផ្នែកមនុស្សធម៌ជួយទាំងផ្នែកជីវភាព សុខភាពផ្លូវកាយផ្លូវចិត្ត ដល់មនុស្សចាស់បន្តទៀត ខណៈនៅតាមសាលា និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់ការអប់រំសីលធម៌ និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបចេះគោរពព្រឹទ្ធាចារ្យ ជីដូនជីតា និងចេះថែទាំមនុស្សចាស់ដែលជាប្រពៃណីដ៏ល្អរបស់ជាតិ។
សម្ដេច ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមលើមនុស្សចាស់ពិការ ក្រីក្រ គ្មានទីពឹង ដោយអាចផ្ដល់កន្លែងស្នាក់នៅតាមរយៈការកសាងមណ្ឌលមនុស្សចាស់ ជាពិសេសនៅតាមទីវត្តអារាមវិហារសាសនាដែលអាចផ្ដល់ជាទីជម្រកឬអាហារតាមលទ្ធភាពដែលអាចធ្វើបាន ខណៈគ្រប់ស្ថានីយទូរទស្សន៍រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃ និងសមិទ្ធផលនានាដេលមនុស្សវ័យចាស់បានបន្សល់សម្រាប់មនុស្សជំនាន់ក្រោយ និងផ្សព្វផ្សាយពីសកម្មភាពនានាដែលបង្ហាញពីការយកចិត្តទុកដាក់និងលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់នៅកម្ពុជាផងដែរ។
គួរឱ្យដឹងផងដែរថាទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ នឹងត្រូវប្រារព្ធឡើងទូទាំងពិភពលោកនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រទធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»៕