ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២១ ជនពិការក្រីក្រចំនួន ១គ្រួសារ ដែលរស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលផ្ទះចំនួន១ខ្នងពីមូលនិធិជនពិការ។ ជនពិការរូបនេះមានឈ្មោះ វ៉ាង សុឃឿន អាយុ៤៦ឆ្នាំ ជាជនពិការភ្នែកទាំង២ ត្រូវបានមូលនិធិជនពិការសម្រេចផ្តល់ផ្ទះថ្មី១ខ្នងធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤x៦ម៉ែត្រ ដើម្បីគាត់មានទីជំរករស់នៅសមរម្យ។
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា ផ្ទះមូលនិធិជនពិការ១ខ្នងនេះ គឺជាផ្ទះទី២ហើយសម្រាប់ខេត្តឧត្តរមានជ័យ ដែលមូលនិធិជនពិការបានសាងសង់ជូនជនពិការក្រីក្រ។ លោកបន្តថា ថវិកាសម្រាប់ការសាងសង់ផ្ទះ១ខ្នងនេះ គឺបានពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលបានដាក់នៅតាមទីសាធារណៈនានា។ ការសាងសង់ផ្ទះនេះ គឺផ្តល់ជូនតែជនពិការក្រីក្រដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសង្គមកិច្ច ឬលិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន និងមានលក្ខណៈវិនិច្ឆ័យស្របតាមគោលការណ៍នៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ។ លោកនាយក ក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរួមថែរក្សាផ្ទះថ្មីនេះឱ្យបានគង់វង្សយូរអង្វែង និងសូមថែរក្សាសុខភាពជៀសផុតពីជំងឺឆ្លងទាំងឡាយ។
តំណាងរដ្ឋបាលឃុំគោកមន បានថ្លែងអំណរគុណដល់មូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រនៅក្នុងឃុំគោកមននេះ ដែលពិតជាបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងទុក្ខលំបាករបស់ក្រុមគ្រួសារគាត់។
ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។