នាយកមូលនិធិជនពិការចុះពិនិត្យលើការសាងសង់ និងជួសជុលអាគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំប្រតិភូមូលនិធិជនពិការ ចុះពិនិត្យលើវឌ្ឍនៈភាពការសាងសង់អាគារថ្មី និងជួសជុលអាគារមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប។

តាមរបាយការណ៍របស់លោក ជូ ប៊ុណ្ណារិទ្ធ ប្រធានសាខាមូលនិធិជនពិការខេត្តសៀមរាបបានឱ្យដឹងថា ខេត្តសៀមរាបគឺជាខេត្តដែលរងផលប៉ះពាល់ជំងឺកូវីដ១៩ខ្លាំងមួយដែរ ដែលកត្តានេះធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការមួយផ្នែកធំ។ ជួសមុខឱ្យមន្រ្តីនៃមជ្ឈមណ្ឌលទាំងអស់ និងជនពិការក្នុងខេត្តសៀមរាប លោកសូមថ្លែងអំណរគុណដល់លោកនាយក ដែលបានជួយជម្រុញនិងគាំទ្រដល់គម្រោងសាងសង់អាគារនេះ ក្នុងគោលដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងការចុះត្រួតពិនិត្យនេះលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញពីតម្រូវការចាំបាច់របស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប មូលនិធិជនពិការ បានសម្រេចផ្តល់ការសាងសង់អាគារទំហំ ១២ម៉ែត្រគុណនឹង១៧ម៉ែត្រ កម្ពស់១ជាន់ មាន៥បន្ទប់។ ជាមួយគ្នានៃមូលនិធិជនពិការ ក៏បានធ្វើការជួសជុលអាគាររដ្ឋបាល១ខ្នង អាគារផលិតកម្ម១ខ្នង អាគារបន្ទប់ស្នាក់នៅនិងការិយាល័យ អាគារឃ្លាំង ជួសជុលនិងសាងសង់ថ្មីទីវាលសាធារណៈ ព្រមទាំងវាយចេញនិងសង់ថ្មីរបងខាងមុខក្រោយដល់មជ្ឈមណ្ឌលផងដែរ។

លោកនាយកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រធានសាខាមូលនិធិជនពិការ និងមន្រ្តីមជ្ឈមណ្ឌលស្តារខេត្តសៀមរាបទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តសៀមរាប មានផល់ប៉ះពាល់ខ្លាំងយ៉ាងណាក្តី។

ព័ត៌មានជាប់ទាក់ទង