ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃបុណ្យជាតិ ជាថ្ងៃដែលបានរំដោះប្រទេសជាតិពីអាណានិគមបារាំង និងជាថ្ងៃរំលឹកគុណបុព្វបុរសអ្នកស្នេហាជាតិដែលលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិ មាតុភូមិ។
ក្នុងនាមក្រសួង សង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញយកកម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ នៅស្តូបវិមានឯករាជ្យ ក្នុងពិធីបុណ្យឯករាជ្យជាតិ។
ជាមួយគ្នានោះដែរ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ។
ឯកឧត្តម ព្រមទាំងគណៈប្រតិភូ អញ្ជើញយកកម្រងផ្កាគោរពថ្វាយ ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕