ឯកឧត្តមរដ្ឋមន្រ្តី វង សូត ដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានសម្ដែងការសោកស្ដាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ មរណៈភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មិនត្រឹមតែជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូប ជាឥស្សរជនដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើប្រទេសជាតិ មាតុភូមិដោយពុំខ្លាចនឿយហត់ជារហូតមក។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណៈភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វាលា ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ។

សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីពុទ្ធសាសនានៅគេហដ្ឋាននៃសព ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សូមបានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាប់ទាក់ទង