រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា (គ.ជ.អ) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជន អនាថា (គ.ជ.អ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ ជាអភិបាលនៃគណៈអភិបាលរាជធានី និងផ្នែកពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់នៅក្នុងការចូលរួមគិតគូរដល់បញ្ហាជនអនាថាជាជនរងគ្រោះ និងងាយ រងគ្រោះដែលមាននៅក្នុងសង្គមយើង ជាពិសេសពិនិត្យសមត្ថកិច្ចជាក់ស្តែងរបស់ក្រសួង ស្ថាប័ន មានសមត្ថកិច្ចនានា ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យទៅលើបញ្ហាជនអនាថា ដែល កំពុងមាននៅតាមមូលដ្ឋានរាជធានី-ខេត្ត ដើម្បីឆ្លើយតបឱ្យបានសមស្របតាមសមត្ថកិច្ចរៀងៗ ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពជាតិ និងផែនការអភិវឌ្ឍតាមវិស័យរយៈពេលវែង និង មធ្យម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចគ្រួសារ ពិសេស ផ្តល់សេវាចាំបាច់នានា និងអភិវឌ្ឍសង្គមឱ្យកាន់តែមានការរីកចំរើន។ តែទោះបីជាយើងបានខិតខំ អនុវត្តកិច្ចការទាំងនេះហើយក្តី ក៏នៅមានប្រជាជនមួយចំនួនតូចកំពុងរស់នៅក្បែរបន្ទាត់នៃភាព ក្រីក្រ និងក្រោមបន្ទាត់ភាពក្រីក្រ ជាពិសេសជនចាស់ជរា ជនមានពិការភាព និងកុមារដែល ជាជនអនាថាទីទ័លក្រ គ្មានទីពឹង គ្មានទីជម្រក តែលតោល ដើរសុំទានតាមផ្លូវ តាមទីសាធារណៈ ហើយពួកគាត់អាចនឹងប្រឈមបញ្ហាមួយចំនួន ដូចជា អំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ ការប្រើប្រាស់សារធាតុញៀន និងគ្រឿងញៀន ការបោះបង់ការសិក្សា កង្វះ អាហាររូបត្ថម្ភ កង្វះការថែទាំសុខភាពជាដើម ដែលយើងត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ។ បញ្ហាទាំងអស់នេះ តម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ពន្ធ័ រួមទាំងសហគមន៍ ឳពុក ម្តាយ និងគ្រួសារសាច់ញាតិ ចូលរួមគិតគូរដោះស្រាយ តាមរយៈការលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់នៃអំពើ ឬសកម្មភាពដែលពួកគាត់កំពុងប្រព្រឹត្ត ឬជួបប្រទះ ដើម្បីបង្ការទប់ស្កាត់ ការពារ អន្តរាគមន៍ និងផ្តល់សេវាសមស្របឆ្លើយតបឱ្យទាន់ពេលវេលាជូនពួកគាត់៕