ភ្នំពេញ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យសុខភាព និងព្យាបាលជំងឺដល់ជនមានពិការភាពភ្នែកចំនួន ១៣០នាក់ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដើម្បីអបអរសាទរទិវាជនមានពិការភាព ដែលប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព លោក លោកស្រីនាយករង និងលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិត តារាសិល្បៈករ សិល្បៈការិនីមកពីគ្រួសារតារាកម្ពុជា សរុបប្រមាណ ១៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ចាប តូ បានពាំនាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខដល់បងប្អូនជនមានពិការភាព និងកាយសម្បទាពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានធ្វើរបាយការណ៍សង្ខេបជូនអង្គពិធីដោយបានលើកឡើងថា បច្ចុប្បន្ននេះជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយក្រសួងបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២ ១៤៨បណ្ណ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា កន្លងមកក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យជនមានពិការភាពភ្នែក និងកាយសម្បទានៅកម្ពុជាពិតជាមានសំណាងនៅមានភ័ព្វវាសនា ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិជនមានពិការភាពនៅកម្ពុជា។ ជាចាំបាច់ណាស់ឲ្យយើងទាំងអស់គ្នារួមគ្នាគិត រួមគ្នាធ្វើនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ការលើកកម្ពស់និងពង្រឹងសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាពជាគោលដៅអាទិភាពនៃគោលនយោបាយសង្គមកិច្ចរបស់រដ្ឋាភិបាល។ តាមរយៈច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនមានពិការ អនុសញ្ញាសិទ្ធិជនពិការរាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការដែលជាយន្តការសម្របសម្រួល និងពិគ្រោះយោបល់ថ្នាក់ជាតិ។ កម្មវិធីពិការភាពត្រូវបានរំលេចនូវជំពូកទី៣ នៃគោលនយោបាយជាតិគាំពារសង្គម ក្នុងគោលបំណងធានាសន្តិសុខប្រាក់ចំណូលកាត់បន្ថយភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសជនងាយរងគ្រោះ និងជនមានពិការភាព។ គោលដៅចម្បងនៃគោលនយោបាយនេះគឺធ្វើការបញ្ជី និងពង្រីកកម្មវិធីដែលមានស្រាប់ ដើម្បីពង្រីកវិសាលភាពនៃការផ្ដល់សេវាសង្គមប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងតម្លាភាពឆ្លើយតប និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលមានពិការភាពគ្រប់ប្រភេទ។
ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរទៅក្រសួងសុខាភិបាល ឲ្យជួយជំរុញដល់មន្ត្រីជំនាញដើម្បីឲ្យជនមានពិការភាពទទួលបានការបញ្ជាក់ប្រភេទ និងកម្រិតពិការភាព ដើម្បីប្រឡងយកបណ្ណ្ណបើកបរស្របតាមប្រកាសអន្តរក្រសួង ៣២២ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រវាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព គឺស្នើឲ្យមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ខណ្ឌ និងមណ្ឌលសុខភាពឃុំ សង្កាត់ ឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាព។ ព្រមទាំងស្នើសុំឲ្យក្រសួងសុខាភិបាលអនុវត្តកម្មវិធីពិនិត្យសុខភាពនេះឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
នាក្នុងឱកាសនោះដែរ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា ជនមានពិការភាពលំបាកណាស់ក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាការចល័តខ្លួន ពិសេសបងប្អូនជនមានពិការភាពភ្នែក គឺមើលអ្វីមិនឃើញទាំងអស់ មិនដឹងថារូបរាងខ្លួនយ៉ាងម៉េច ហើយខ្លួនឈឺអ្វី មានបញ្ហាអ្វីកើតឡើងលើរាងកាយ។ល។ កន្លងមក ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី សម្តេចតេជោពុក និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកព្រះទ័យទុកដាក់ និងយកចិត្តទុកដាក់ ព្រះរាជទាន និងជួយឧបត្ថម្ភដល់កូនចៅពិការភ្នែក កាយសម្បទា ឲ្យមានកន្លែងស្នាក់នៅ រៀនជំនាញ និងគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ សាងសង់មន្ទីរពេទ្យធំៗ ដែលក្នុងនេះជនពិការទាំងអស់ទទួលបាននូវសេវាផ្សេងៗ និងផលប្រយោជន៏ច្រើនពីរាជរដ្ឋាភិបាលដោយគ្មានការរើសអើង។ ដោយឡែកក្រសួងកិច្ចការនារី ក៏មានផែនការយុទ្ធសាស្រ្ត ក្នុងនេះនាយកដ្ឋានសុខភាព និងក្រុមការងារផ្តោតការចិត្តទុកដាក់ជួយផ្សព្វផ្សាយ ចុះបង្រៀនដល់សហគមន៏ឲ្យស្រ្តី និងក្មេងស្រីចេះថែទាំសុខភាព និងផ្តល់អាហារូបត្ថម្ភដល់កូនចៅ។
លោកជំទាវ ញ៉ែម មរកត បានស្នើសុំអនុញ្ញាតិជាគោលការណ៏ទៅ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាលតាមរយៈ លោកជំទាវ យក់ សម្បត្តិ មេត្តាផ្តល់អទិភាពដល់ជនមានពិការភាព បានមកពិនិត្យសុខភាព ព្យាបាលជម្ងឺ សម្រាលកូន នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ជាបន្តដោយកុំមានការរើសអើង។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការលើកឡើងរបស់ លោកជំទាវរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ និងយកទៅរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីសិក្សា និងធ្វើយ៉ាងណាឲ្យបានលឿនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់មន្ទីរពេទ្យរដ្ឋទាំងអស់សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដល់បងប្អូនជនមានពិការភាពភ្នែក និងកាយសម្បទានៅទូទាំងប្រទេសកម្ពុជា។ ដែលកន្លងមកក្រសួងសុខាភិបាលតែងតែយកចិត្តទុកដាក់ដល់ជនមានពិការភាពទាំងអស់ បើទោះបីជាមានបណ្ណក្តី និងមិនមានបណ្ណក្តី មន្ទីរពេទ្យតែងតែព្យាបាលយ៉ាងយកចិត្តទុកដាក់សម្រាប់ជនមានពិការភាព។
នៅក្នុងកម្មវិធីពិគ្រោះ និងព្យាបាលជំងឺទូទៅដល់ជនមានពិការភាពភ្នែក និងកាយសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឧបត្ថម្ភអាហាថ្ងៃត្រង់ជូនជនមានពិការភាពភ្នែក និងកាយសម្បទាទាំង ១៣០នាក់ដែលអញ្ជើញមកពិនិត្យសុខភាពផងដែរ៕