ខេត្តបាត់ដំបង៖ ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមកម្មពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនដែលមានផ្ទុក HIV នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ២២៧នាក់ ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី។ អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖ អង្ករ ភួយ ប្រេងឆា និងនំបុ័ង ហើយក្នុង ១នាក់ទទួលបាន អង្ករ ៤០គីឡូក្រាម ភួយឆឺជី ១ ប្រេងឆា ២លីត្រ និងនំបុ័ងមួយដើម។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង អភិបាលស្រុកសង្កែ អាជ្ញាធរមូលដ្ឋាន លោកប្រធានឃុំ លោកប្រធានភូមិ ប្រមាណជិត ៣០០នាក់ ស្ថិតនៅ (វត្តរកា) ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា។
លោកប្រធានអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានសន្យាថានឹងបន្តការជួយឧបត្ថម្ភរយៈពេល ១ឆ្នាំទៀត គឺនឹងមានការចែកអំណោយនេះចំនួន ៤លើកបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៤៕