ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមទស្សនា និងបំពាក់មេដាយ ជ័យលាភីជូនកីឡាករ កីឡាការិនី បូស្យា ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការលើកទី២ នាមជ្ឈ មណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងព្រឹត្តិ ការណ៍កីឡាជាតិជនពិការលើកទី២ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាជនពិការលើ១៣ ប្រភេទ កីឡាចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖ អត្តពលកម្មជនពិការ វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, ហែលទឹកជនពិការ, បាល់ទះអង្គុយ, បាល់បោះជិះ រទេះជនពិការ, បាល់ទាត់៥ម្ខាងជនពិការភ្នែក, បាល់បោះជនពិការភ្នែក, យូដូជនពិការភ្នែក
លើកទម្ងន់ជនពិការ, បូស្យា, អេឡិចត្រូនិកជនពិការ និងអុកអន្តរជាតិជនពិការ ដោយមាន អត្តពលិកចូលរួមប្រកួតចំនួន ៣៤២នាក់ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ព្រៃវែង សៀមរាប ស្វាយរៀង កែប និងខេត្តស្ទឹងត្រែង ហើយចំពោះប្រភេទកីឡាបូស្យាត្រូវបានបញ្ចប់ ការប្រកួតនៅវេលាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបំពាក់ជូនជ័យលាភីផ្នែកបុរស និង នារីចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដោយ ឯកឧត្តម និងលោកជំទាវ បានថ្លែងនូវការកោតសរសើរជាខ្លាំងចំពោះបងប្អូនជនមានពិការភាព ដែលបានបង្ហាញពីសក្តានុពល និងសមត្ថភាពរបស់ខ្លួនដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ ជនពិការនាពេលនេះ៕