រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនអង្គប្រជុំថា ក្រុមប្រឹក្សាសកម្មភាពជនការ ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នសរ/រកម/០៧០៩/០១០ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់ជនពិការ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថាក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលបានប្រែក្លាយស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពបានសមរម្យ និងទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមទៀតថា អគ្គលេខាធិការដ្ឋានសម្រេចបានជោគជ័យជាច្រើដូចជា ការកសាងអនុក្រឹត្យលេខ២១៦ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមក្នុងដំណើរការសុំសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលនិងរដ្ឋសភាដើម្បីផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការ បានរៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាពនិងយុទ្ធសាស្ត្រ incheon ធ្វើឲ្យសិទ្ធិក្លាយជាការពិត។

ជាមួយគ្នានោះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបន្ថែមអំពីលទ្ធផលនៃការរៀបចំនិងអនុវត្តគម្រោងបរិស្ថានគ្មានពិការភាពសម្រាប់ជនមានពិការភាពនៅស្រុកកៀនស្វាយខេត្តកណ្ដាល កាលរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព២០១៤-២០១៨ និង២០១៩-២០២៣ ព្រមទាំងកំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនយុវជនមានពិការភាពចំនួន ៣០រូប ទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាចំនួនចាប់តាំងពីឆ្នាំ២០១៣-បច្ចប្បន្ន ជាលទ្ធផលយុវជនមានពិការភាពធ្លាប់ទទួលបានមេដៃសរុបចំនួន ២៣គ្រឿង។ អគ្គលេខាធិការដ្ឋានក៏បានរៀបចំអនុក្រឹត្យលេខ១៤ អនក្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ដល់ប្រាក់រង្វាន់ដល់ជនមានការភាពដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងជំនាញនិងការប្រកួតកីឡា special olympic និងបានរៀបចំទិវាជនមានពិការភាពផ្សេងៗរៀងរាល់ឆ្នាំដូចជាការប្រកួតកីឡាជនមានពិការភាព ទិវាអូទីស្សឹម និងដោនសាំងដ្រូម ទិវាមនុស្សគ-ថ្លង់ និងទិវាជនមានពិការភាពកម្ពុជា-អន្តរជាតិ និងរៀបចំកសាងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព។

លោកស្រី មាស រត្ថា ប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ៦នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានរៀបចំសន្និបាតបូកសរុបការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣។ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្ត ក្នុងការគាំទ្រដល់កុមារមានពិការភាព ឬផលវិបាកក្នុងការប្រាស្រ័យទាក់ទងដល់មន្ត្រីថ្នាក់ជាតិ។ ជារៀងរាល់ឆ្នាំ បានរៀបចំទិវាអូទីស្សីមនិងដោនសាំងដ្រូម ទិវាមនុស្សគ-ថ្លង់ ទិវាជនមានពិការភាពជាតិនិងអន្តរជាតិ។

លោក ហុក លី ប្រធានផ្នែកសិទ្ធិជនពិការ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុបចំនួន ១២នាក់ (ស្រី ៣នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានបញ្ចប់ព្រាងរបាយការណ៍ដំបូងជាលើកទី២ ស្តីពីការអនុវត្ត “អនុសញ្ញាស្តីពីសិទ្ធិជនពិការ”។ បានបង្កើតប្រព័ន្ធប្រមូលទិន្នន័យតាមអនឡាញ (Web & Application) ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ បានបណ្តុះបណ្តាលមន្ត្រីជំនាញបញ្ចូលទិន្នន័យមកពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីឈានទៅដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស។

លោក អៀម សារ៉ាត ប្រធានផ្នែកសុខមាលភាពនិងស្តារលទ្ធភាពពលកម្ម បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១០នាក់ (ស្រី ១នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានលើកកម្ពស់ការយល់ដឹងសមភាពយេនឌ័រនិងបរិយាបន្នពិការភាពដល់ជនមានពិការភាពពិសេសស្ត្រីមានពិការភាព និងក្រុមការងារឆ្លើយតបអំពើទាក់ទងនឹងយេនឌ័រថ្នាក់ក្រុង។ បានកៀគរជំនួយពីប្រទេសចិននិងជប៉ុននូវរទេះរុញនិងឧបករណ៍ជំនួយរៀងកាយផ្សេងៗ សម្រាប់ចែកជូនដល់ជនមានពិការភាពក្រីក្រនៅសហគមន៍ អង្គការដៃគូ និងនៅតាមមណ្ឌលផ្តល់សេវានិងថែទាំជនមានពិការភាពសំដៅលើកកម្ពស់សុខុមាលភាពជនមានពិការភាព។

លោក ចាន់ ជ័យរិទ្ធ ប្រធានផ្នែកសមាហរណកម្មជនពិការ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ២នាក់ មន្ត្រីមានពិការភាព ៤នាក់) ផ្នែកបានរៀបចំកសាងគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។ បានរៀបចំកសាងគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។

លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាវិការភាព បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១៤នាក់ (ស្រី ៤នាក់ មន្ត្រីមានពិការភាព ៤នាក់) ផ្នែកបានបំពេញការងារដូចជា÷ រៀបចំបញ្ជីឈ្មោះនិងលេខទំនាក់ទំនងគ្រូ និងតារាងស្ថានីយទូរទស្សន៍ដែលមានបកប្រែភាសាសញ្ញា សហការជាមួយក្រសួង ស្ថាប័ន និងដៃគូរៀបចំវគ្គបណ្តុះបណ្តាលអ្នកបកប្រែភាសាសញ្ញា។

បានរៀបចំប្រកាសអន្តរក្រសួង លេខ ៣២២ ប្រក. សក.ដជគ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រវាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព”។ បានរៀបចំប្រកាសអន្តរក្រសួង លេខ ២៤៨ ស.អ.យ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រវាងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី “ការដាក់ឱ្យអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានពិការភាព” រៀបចំពិធីប្រកាស ផ្សព្វផ្សាយ ផលិតឯកសារមេរៀន វីដេអូស្ពត វីដេអូអប់រំ បណ្តុះបណ្តាល។

បន្ទាប់ពីបានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងបានទស្សនាវីដេអូឃ្លីបរួចមក ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានកោតសរសើរចំពោះសមិទ្ធផលដែលបានបង្ហាញដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក្នុងការខិតខំបំពេញភារកិច្ចបម្រើឱ្យវិស័យពិការភាពរហូតទទួលបានជោគជ័យនិងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណូមពរទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំដើម្បីពិភាក្សាជាមួយក្រុមជំនាញនិងរកមធ្យោបាយដោះស្រាយ។

ព័ត៌មានជាប់ទាក់ទង