រដ្ឋមន្ត្រីសង្គមកិច្ចឥណ្ឌូនេស៊ីសន្យាផ្តល់អ្នកបច្ចេកទេសដើម្បីបណ្តុះបណ្តាលសិល្បៈករមានពិការភាពនៅកម្ពុជា

ឥណ្ឌូនេស៊ី៖ នៅសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅសណ្ឋាគារសេរ៉ាថោន ទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី។

ឯកឧត្តម ឯម ច័ន្ទមករា បានពាំនាំនូវការសុំអធ្យាស័យពីសំណាក់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានធុរៈបន្ទាន់មិនអាចអញ្ជើញចូលរួមក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥” ដោយផ្ទាល់បាន។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងនូវការអបអរសារទរជូនចំពោះលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ដែលបានបញ្ចប់ទៅប្រកបដោយក្តីមោទនភាពដ៏ធំធេងសម្រាប់បណ្តាប្រទេសអាស៊ាននៃវិស័យសង្គមកិច្ច ពិសេសក្នុងកំឡុងពេលដែលសាធារណៈរដ្ឋឥណ្ឌូនេស៊ីកំពុងតែធ្វើជាប្រធានអាស៊ាន ២០២៣។

ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីថា គោលបំណងនៃកិច្ចពិភាក្សាទ្វេរភាគីនាពេលនេះគឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍រវាងក្រសួងសង្គមកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែទំលាយជាងមុនដើម្បីផលប្រយោជន៍របស់ជនមានពិការភាព។

ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរនូវភាពជាអ្នកដឹកនាំរបស់លោកជំទាវរដ្ឋមន្ត្រី ទ្រី រីសមហារីនី ដែលបានដឹកនាំក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីមានការរីកចម្រើន ពិសេសបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ជនមានពិការភាព។

ក្នុងជំនួបទ្វេរភាគីនោះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ជនមានពិការស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការរបស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បានកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់វេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក មានគោលបំណងពន្លឿននិងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែជារួមរបស់រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈនៃការអនុវត្តថ្នាក់ជាតិ និងថ្នាក់តំបន់នៃផែនការមេឆ្នាំ២០២៥៖ ការបញ្ជ្រាបសិទ្ធិជនមានពិការភាពនៅក្នុងសសរស្ដម្ភទាំងបី ពិសេសផ្តោតលើផាសុកវត្ថុ (Accessiblity)។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ លើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តនូវការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះពិសេសជនមានពិការភាព ដែលជារួមកម្ពុជាបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ សម្រាប់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះនៅកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវក្តីរំភើបរីករាយដោយបានឃើញពីសមត្ថភាពនៃការសម្តែងសិល្បៈរបស់សិល្បៈករ សិល្បៈការីមានពិការភាពរបស់សាធារណៈរដ្ឋឥណ្ឌូនេស៊ី រាប់រយនាក់ ក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូអាស៊ានទាំងអស់ ដោយបង្ហាញពីសមត្ថភាពសម្តែងដ៏ប៉ិនប្រសព្វ ដែលជនមិនមានពិការទូទៅមួយចំនួនមិនអាចសម្តែងបាន។ ក្នុងន័យនេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី តាមរយៈលោកជំទាវរដ្ឋមន្ត្រី ដើម្បីជួយផ្តល់អ្នកជំនាញដើម្បីបណ្តុះបណ្តាលផ្នែកសម្តែងសិល្បៈនេះដល់ជនមានពិការកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរដើម្បីមានឱកាសដកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងវិស័យសង្គមកិច្ច ពិសេសការងារពិការងារដើម្បីធ្វើឱ្យស្ថានភាពជនមានពិការភាពនៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវក្តីសង្ឃឹមក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ថាថ្ងៃណាមួយលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី នឹងអញ្ជើញធ្វើទស្សនៈកិច្ចទៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបានទស្សនានូវសមទ្ធិផលនានាក្នុងវិស័យពិការភាពនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីសង្គមកិច្ច ទ្រី រីសមហារីនី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការណ៍របស់ប្រទេសទាំងពីរគឺសាធារណៈរដ្ឋឥណ្ឌូនេស៊ីនិងកម្ពុជា។ ហើយលោកជំទាវរដ្ឋមន្ត្រីក៏បានចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងវិស័យពិការភាពនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដោយបានលើកឡើងថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី បានធ្វើកិច្ចការជាច្រើនឆ្នាំហើយក្នុងការបង្កើតនូវមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពរហូត ៥១មណ្ឌល និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពចំនួន ៦មណ្ឌល ហើយដែលមជ្ឈមណ្ឌលទាំងនោះកំពុងផ្តល់សេវាដល់ជនមានពិការភាព។

លោកជំទាវរដ្ឋមន្ត្រី ទ្រី រីសមហារីនី បានមានប្រសាសន៍ថែមទៀតថា ក្នុងមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពទាំងនោះគឺមានសកម្មភាពជាច្រើន ដោយរួមបញ្ចូលទាំងកម្មវិធីផ្នែកសេដ្ឋកិច្ច និងនិរន្តភាពនៃការធ្វើអាជីវកម្ម ដែលធ្វើដូច្នេះគឺមិនត្រឹមតែការការពង្រឹងនូវភាពជាម្ចាស់ការរបស់ជនមានពិការទេ ប៉ុន្តែជាការធ្វើឱ្យពួកគេមានការរស់នៅប្រសើរឡើង។

ជាថ្មីម្តងទៀត លោកជំទាវរដ្ឋមន្ត្រីសង្គមកិច្ចសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវការស្វាគមន៍ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការណរបស់ប្រទេសទាំងពីរ ដោយឯកភាពថានឹងសិក្សាពីគ្នាទៅវិញទៅមក ជាពិសេសការដោះស្រាយកាត់បន្ថយបញ្ហាជីវភាពរស់នៅរបស់ជនមានពិការភាព ពីព្រោះនេះគឺជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ជនមានពិការភាព។

លោកជំទាវរដ្ឋមន្ត្រី ទ្រី រីសមហារីនី បានទទួលយកសំណើររបស់ឯកឧត្តម ឯម ច័ន្ទមករា និងបានសន្យាផ្តល់អ្នកបច្ចេកទេសដើម្បីបណ្តុះបណ្តាលសិល្បៈករមានពិការភាពនៅកម្ពុជា៕

ព័ត៌មានជាប់ទាក់ទង