ក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ ប្តេជ្ញាចិត្តបន្តជម្រុញឱ្យជនមានពិការភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាលកាន់តែប្រសើរឡើង

(ភ្នំពេញ) ៖ ក្រុមប្រឹក្សាភិបាលមូលនិធិជនពិការបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយនូវឧបសគ្គរបស់ជនមានពិការភាព និងបង្កើនលទ្ធភាពដល់ពួកគាត់ឱ្យមានឱកាសចូលរួមក្នុងគ្រប់សកម្មភាពសង្គម តាមរយៈសេវាស្តារលទ្ធភាពពលកម្ម និង​ឋកម្មវិធីលើកកម្ពស់ជីវភាព ដែលកំពុងអនុវត្តដោយ​មូលនិធិជនពិការ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាលមូលនិធិជនពិការ កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។ កិច្ច​ប្រជុំនេះដឹកនាំដោយឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអង្គការជាជនមានពិការភាព តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំនៃមូលនិធិជនពិការ។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ បានផ្ដល់នូវអនុសាសន៍ ក្នុងការកំណត់​ទិសដៅបន្ថែមសម្រាប់មូលនិធិជនពិការអនុវត្តកិច្ចការងារក្នុងឆ្នាំ២០២៤ ដូចខាងក្រោម៖
១. សិក្សាលទ្ធភាពបង្កើនគុណភាព និងធ្វើទំនើបកម្ម ឧបករណ៍អវយវៈសិប្បនិម្មិត រណប និងឧបករណ៍ទ្រទ្រង់រាងកាយ ឱ្យបានក្នុងកម្រិតស្តង់ដារ បន្តផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម
២. ពិនិត្យកែលម្អទីតាំងផ្តល់សេវា នៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា រាជធានីខេត្ត ដើម្បីផ្តល់សេវាឱ្យកាន់តែល្អ
៣. បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន អង្គការដៃគូ និងកៀកគរប្រភពចំណូលនានា
៤. បង្កើនការផ្តល់សេវានៅតាមសហគមន៍ ឱ្យកាន់តែច្រើន និងខិតជិតអ្នកទទួលសេវា
៥. បង្កើនចំនួនសាងសង់ផ្ទះសម្រាប់ជនមានពិការភាព
៦. សិក្សារៀបចំលិខិតបទដ្ឋាន ដើម្បីចាត់វិធានការសមស្របចំពោះ រោងចក្រ សហគ្រាស ដែលមិនបានបំពេញកាតព្វកិច្ច ជ្រើសរើសជនពិការចូលបម្រើការងារ
៧. សិក្សាពិនិត្យ កែសម្រួលអនុក្រឹត្យ ប្រាក់ធ្វើដំណើរ និងប្រាក់ហូបចុក របស់អ្នកមកទទួលសេវាឱ្យបានសមស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច
៨. ពិនិត្យទីតាំង និងបង្កើនចំនួនហិបសប្បុរស មូលនិធិជនពិការ នៅតាមតំបន់ទេសចរណ៍ រមណីយដ្ឋាន និងភោជនីយដ្ឋានឡើងវិញ។

ព័ត៌មានជាប់ទាក់ទង