ទីស្តីការក្រសួង៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារ ACCESS II របស់ក្រសួងសង្គមកិច្ច បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកម្រងភារកិច្ចរបស់ក្រុមការងារទទួលផែនពិការភាព និងបរិយាបន្ន នៃកម្មវិធី ACCESS II នៅបន្ទប់ប្រជុំទីស្តីការក្រសួង។

កម្មវិធីសហប្រិតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និង សមធម៌-ដំណាក់កាលទី២ ហៅកាត់ថា (ACCESS II) គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលអូស្រ្តាលីដែលរៀបចំឡើងដើម្បីបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល មានអង្គការមិនមែនរដ្ឋាភិបាល បណ្តាញស្រ្តី និងក្រុមជនជាតិដើមភាគតិច ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព និង ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី នៅខេត្តគោលដៅ ចំនួន៤ រួមមាន៖ កំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី។ កម្មវិធីនេះមានទំហំថវិកាសរុបប្រមាណ ៣០លានដុល្លារអូស្រ្តាលី សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ(២០២៤-២០២៨) ក្នុងគោលដៅបង្កើនសេវាប្រកបដោយគុណភាព និង បរិយាបន្នដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជា។

ដៃគូសហការអនុវត្តកម្មវិធី ACCESS II រួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រុមប្រឹក្សាសកម្មភាពជនពិការ, ក្រសួងកិច្ចការនារី, ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ (គណៈកម្មាធិការជាតិអភិវឌ្ឍន៍ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ) និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៣។

ព័ត៌មានជាប់ទាក់ទង