ឯកឧត្តមអនុរដ្ឋលេខាធិការ អំ សុខហេង អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃ

ទីស្តីការក្រសួង ៖ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អំ សុខហេង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកសិក្ខាសាលា ពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង ក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃ ជាមួយនឹងនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងមន្ទីរទាំង២៥រាជធានី-ខេត្ត ។

គោលបំណងសិក្ខាសាលា ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការកសាងក្របខណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ ដែលជាយន្តការមួយសម្រាប់បង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តគោលនយោបាយរបស់ក្រសួងដែលបានដាក់ចេញ។

នៅក្រោមក្របខណ្ឌនៃយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ ក្រសួង-ស្ថាប័នត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រតាមសមត្ថកិច្ចទទួលខុសត្រូវរៀងខ្លួន។ បន្ទាប់ពីនេះស្ថាប័ន ទទួលបន្ទុកដឹកនាំសម្របសម្រួលរួមលើការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ ត្រូវបូកសរុបរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រទាំងមូលប្រចាំឆ្នាំ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលនឹងធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិ និងចុងអាណត្តិ អំពីគោលដៅ ឬកម្មវិបាកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងកម្រិតយុទ្ធសាស្ត្រ ដែលជាការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងផ្អែកលើសមិទ្ធកម្មការងារដែលសម្រេចបានធៀបទៅនឹង បាវចនា ៥ គោលដៅ យុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥ របស់យុទ្ធសាស្ត្របញ្ចកោណ។

លទ្ធផលនៃការវាយតម្លៃនេះ នឹងត្រូវបានយកទៅប្រើប្រាស់ជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ និងការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលបន្តបន្ទាប់ ពិសេសសម្រាប់ការតម្រង់ទិស និងការដាក់ចេញនូវវិធានការចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអនុវត្តឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ និងគ្រប់ជ្រុងជ្រោយ។

ព័ត៌មានជាប់ទាក់ទង