ពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គម

ទីស្តីការក្រសួង៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គម ផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥ កម្មវិធីនេះមានការគាំទ្រពី USAID from the People Japan និងUnicef។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ត្រង់មុំទី ៣ និងមុំទី៤ នៃចតុកោណទី៤ ស្ដីពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះដែលប្ដេជ្ញាធានានូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រនិងដើម្បីសម្រេចបានគោលដៅ “គ្មាននរណាម្នាក់ដែលត្រូវបានបាត់បង់ឱកាស ” សម្រាប់អាណត្តិទី៦នេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំយ៉ាងសស្រាកសស្រាំ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងប្រធានការរដ្ឋបាល និងប្រធានសុខាភិបាលជាច្រើនដែលមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្ដែង ដើម្បីទប់ស្កាត់ និងកាត់បន្ថយការឆ្លងបានទាន់ពេលសំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។

ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានក្នុងអត្រា៤,៨ ភាគរយ ដោយសារការសម្របខ្លួនបានទៅនឹងប្រក្រតីភាពថ្មី ព្រមទាំងភាពធូរស្រាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងត្រូវបានអនុវត្តយ៉ាងទូលំទូលាយពេញលើផ្ទៃប្រទេស។ កត្តាអភិវឌ្ឍន៍នៃសង្គមប្រកបដោយសង្គតិភាពនេះ ធ្វើឲ្យកម្ពុជា ត្រូវបន្តដំណើរវិវឌ្ឍន៍របស់ខ្លួនលើមាគ៌ាច្បាស់លាស់ក្នុងការកំណត់និងរក្សាបាននូវសុខមាលភាពរបស់ប្រជាជនជាពិសេសការធានានូវការផ្ដល់នូវសេវាសង្គមប្រកបដោយសមភាពសមធម៌ និងវិជ្ជាជីវៈពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្លាំងសេវាសង្គមគឺជាទស្សនៈរួមមួយដែលសំដៅទៅលើអ្នកជំនាញ និងអ្នកជំនាញរង ទាំងក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យក្រុមគ្រួសារ និងសមាគម ដើម្បីធានានូវការអភិវឌ្ឍ និងសុខមាលភាព។ កម្លាំងសេវាសង្គមដែលមានការអភិវឌ្ឍល្អគឺជាគន្លឹះក្នុងការលើកកម្ពស់យុត្តិធម៌សង្គមក្នុងការកាត់បន្ថយការរើសអើង ការប្រឆាំងនឹងការផ្លាស់ប្ដូរឥរិយាបថសង្គមទាំងឡាយណាដែលមានគ្រោះថ្នាក់ ក្នុងការការពារ និងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពានការ មិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើមនុស្សជាតិ និងការបែកបាក់គ្រួសារដើម្បីសម្រេចបាននូវសង្គមមួយដែលមានលក្ខណៈបរិយាបន្នសម្រាប់មនុស្សជាតិពិសេសក្រុមជនងាយរងគ្រោះផ្សេងៗទៀត។

ឯកឧត្តមសង្កត់ធ្ងន់ថា ចំណុចស្នូលដែលជាយុទ្ធសាស្ត្រអនុវត្តរួម ហើយដែលក្រសួងត្រូវផ្ដោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រួមមាន៖

១. អភិវឌ្ឍកម្មវិធីសិក្សា និងកញ្ចប់មេរៀនសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គម
២. បណ្ដុះបណ្ដាលកម្លាំងសេវាសង្គម និងបង្កើនប្រសិទ្ធភាព
៣. ពង្រឹងសមត្ថភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលកម្លាំងសេវាសង្គម៕

ព័ត៌មានជាប់ទាក់ទង