ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានផ្តល់ជំនួយឥតសំណងចំនួន ៧១,១៣៧ ដុល្លារអាមេរិក ជូនដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប

ស្ថានទូតជប៉ុន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុនចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន២ គឺគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារអាមេរិក និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារអាមេរិក។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាសៀមរាប មន្រ្តីសុខាភិបាលខេត្តព្រះវិហារ និងមន្រ្តីស្ថានទូតជប៉ុនជាច្រើនរូប។

លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀនឃ្លាំង។ លោកបន្តថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា គម្រោងនេះនឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានជាប់ទាក់ទង