ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោក Jo Scheuer កោតសរសើរក្រសួងសង្គមកិច្ចអំពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ

ទីស្តីការក្រសួងសង្គមកិច្ច ៖ លោក Jo Scheuer ប្រធានសម្របសម្រួលអង្គការសហប្រជាតិប្រចាំប្រទេស UNRC បានសំដែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ។

លោក Jo Scheuer  បានលើកឡើងបែបនេះ  ក្នុងឱកាសដែល  ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលដឹកនាំដោយលោក Jo Scheuer ប្រធានសម្របសម្រួលអង្គការសហប្រជាតិប្រចាំប្រទេសកម្ពុជា និងសហការីចំនួន៩រូបផ្សេងទៀតដែលជាប្រធាន និងតំណាងប្រចាំប្រទេស នៃទីភ្នាក់ងារឯកទេសនៃអង្គការសហប្រជាជាតិ  កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

គោលបំណងនៃជំនួបពិភាក្សាការងារនាឱកាសនោះ បានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ២គឺ៖ (១) ការណែនាំដោយសង្ខេបជារួមអំពីភាពជាដៃគូនៃក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNSDF2024-2028)  និង (២) កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងភាពជាដៃគូដែលបាននឹងកំពុងបន្តសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច និងអង្គការសហប្រជាជាតិ ដោយផ្តោតលើកម្មវីធីសំខាន់ៗចំនួន៥ គឺ៖ (១) កម្មវិធីគាំពារសង្គម និង ជំនួយសង្គមសម្រាប់គ្រួសាររងគ្រោះ និងគ្រួសារងាយរងហានិភ័យ (២) កម្មវិធីពិភារភាព និងបរិយាប័ន្នសង្គម (៣) កិច្ចការពារកុមារ និងយុត្តិធម៌អនីតិជន (៤) ការចំណាកស្រុក និង ការទប់ស្កាត់អំពើជួញដូរមនុស្ស និង (៥) សុខុមាលភាពមនុស្សវ័យចាស់។

នៅក្នុងជំនួបនោះផងដែរលោក Jo Scheuer បានលើកឡើងថា៖ អង្គការសហប្រជាជាតិក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបញ្ចប់នូវឯកសារក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNSDF2024-2028) ស្របតាមយុទ្ធសាស្ត្របច្ចកោណ តំណាក់កាលទី១ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការពន្លឿនដល់ការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ពីប្រទេសមានការអភិវឌ្ឍទាបទៅជាប្រទេសកំពុងអភិវឌ្ឍន៍ (មានចំណូលមធ្យមកម្រិតខ្ពស់)។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច តាមរយៈ មូលនិធិជាតិជំនួយសង្គម បានអនុវត្តកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋក្នុងគ្រាមានវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ-១៩ ផលប៉ះពាល់ពីអតិផរណា និងគ្រោះធម្មជាតិទឹកជំនន់។ ជាលទ្ធផល មូលនិធិជាតិជំនួយសង្គម បានធ្វើការផ្ទេរសាច់ប្រាក់ឧបត្ថម្ភដល់គ្រួសាររងគ្រោះ និងងាយរងហានិភ័យ ប្រមាណជាង៧០ម៉ឺនគ្រួសារ ជាមនុស្សរាយ ជាង៣លាននាក់ ដែលរាជរដ្ឋាភិបាលបានចំណាយជាថវិកាអស់ប្រមាណជាង ១.៤០០លានដុល្លារសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រសួងសង្គមកិច្ ចបានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ៖ “ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” និង “ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ រាជរដ្ឋាភិបាលបានប្រកាស ដាក់ឱ្យអនុត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់  ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤ ដែលកម្មវិធីកញ្ចប់គ្រួសារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤នេះតទៅ។

មូលនិធិជាតិជំនួយសង្គមគ្រោងនឹងអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ចំនួន៤កម្មវិធីដូចខាងក្រោម៖

១. កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

២. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

៣. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលឆ្លើយតបនឹងគ្រោះអាសន្ន

៤. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារផ្សាភ្ជាប់ជាមួយសេវាផ្សេងៗ។

ព័ត៌មានជាប់ទាក់ទង