រដ្ឋមន្ត្រីមហាផ្ទៃប្ដេជ្ញាទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្សឱ្យបានកាន់តែខ្លាំងក្លា

​ ​

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានប្រកាសបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។ ឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំង នោះឱ្យបានកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមទុច្ចរិតនិងបណ្តាញរបស់ពួកគេ បានព្យាយាមរិះរកគ្រប់មធ្យោបាយ និងគ្រប់កលវិធីបង្កើតនូវបទល្មើសថ្មីៗ ព្រមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ទាក់ទាញជនរងគ្រោះ ឱ្យធ្លាក់ក្នុងកលល្បិច ទុច្ចរិត ដើម្បីបម្រើឱ្យមហិច្ឆតារបស់ខ្លួន ដែលបង្កអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ទាំងក្នុង និងក្រៅប្រទេស។ ទោះបីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរិះរកគ្រប់វិធានការ និងវិធីសាស្ត្រ ដើម្បីការពារប្រជាពលរដ្ឋពីបទល្មើសដ៏ស្មុគស្មាញនេះផងដែរ។

ឯកឧត្តមថារដ្ឋាភិបាលនឹងពង្រឹងលើការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្សដោយអនុវត្តយុទ្ធសាស្ត្រសំខាន់ៗទាំង ៤ដែលរួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេស លើកកម្ពស់ការទប់ស្កាត់នូវរាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ។ រដ្ឋាភិបាលនឹងពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងបង្កើនកិច្ចការពារជនរងគ្រោះ ជាពិសេសស្ត្រីនិងកុមារ៕

ព័ត៌មានជាប់ទាក់ទង