ឯកឧត្តមរដ្ឋលេខាធិការ ម៉ែន សុចិត្រ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួង

ទីស្តីការក្រសួង ៖ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ដោយផ្អែកលើមូលដ្ឋាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងគោលបំណងធានានូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនសម្ដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមាដោយផ្តោតលើសសរស្តម្ភពីរគឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ។ ដើម្បីឆ្លើយតបទៅនឹងបរិបទខាងលើ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំបង្កើតប្រតិបត្តិករជំនួយសង្គមមួយដែលមានការរួមបញ្ចូលគ្នារវាង បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) និងបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) កិច្ចការមួយផ្នែករបស់មូលនិធិជនពិការ ដែលមាននាយកដ្ឋានសុខុមាលភាពសង្គមដោយបង្កើតបានជា មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ)។

ឯកឧត្តមរដ្ឋលេខាធិការបានសូមសំណូមពរដល់មន្ត្រីរាជការដែលនូវក្រោមឱវាទទាំងអស់មេត្តាជួយផ្សព្វផ្សាយបន្តរួមមាន៖ ១. ចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់ដែលពាក់ព័ន្ធនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍ដល់មន្ត្រីរាជការសាធារណៈ និងអ្នកនៅក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ២. សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតនៅក្នុងបន្ទុកទៅចុះឈ្មោះជាសមាជិក បសសនៅទីតាំងសាខា ប.ស.ស ដែលនៅជិតអ្នកបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនានាតាមការកំណត់។

ព័ត៌មានជាប់ទាក់ទង