ឯកឧត្ដមអនុរដ្ឋលេខាធិការ ចាប តូ អញ្ជើញចុះសួរសុខទុក្ខអតីតយោធិនមានពិការភាពកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការណែនាំ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានដឹកនាំក្រុមការងារនៃសមាគមតន្ត្រីសំនៀងជនពិការ ចុះសួរសុខទុក្ខ លោក សៅ សាខន អតីតយោធិនមានពិការភាព (អង្គភាពកងវិស្វកម្មកម្ពុជា) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការជួយអន្តរាគមន៍ដោយផ្ទាល់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នាឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាល ឯកឧត្តម ចាប តូ ព្រមទាំងក្រុមការងារបានចូលរួមផ្ដល់នូវកម្លាំងចិត្ត និងប្រគល់អំណោយជាថវិកា ៥០ម៉ឺនរៀល ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ២កេស ទឹកដោះគោឆៅ ២យួរ និងផ្លែឈើមួយកន្ត្រក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនលោកសៅ សាខន និងក្រុមគ្រួសារ ។ ក្នុងនោះឯកឧត្តម ចាប តូ, លោកជំទាវ ញ៉ែម មរកត និងក្រុមការងារបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធ២កេស និងទឹកផ្លែឈើ២កេស។

លោក សៅ សាខន បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី១៩ ខែមីនា កន្លងទៅក្នុងស្ថានភាពត្រូវសង្គ្រោះបន្ទាន់ដោយមានអាការៈហត់ខ្លាំង។ លោកគឺជាអតីតយោធិនមានពិការភាពចូលនិវត្តន៍ មានទីលំនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោកមានជំងឺក្រិនទងសួត និងក្រិនសួតខាងឆ្វេងធ្ងន់ធ្ងរ។

លោកពិការភាពដោយសារគ្រាប់មីនកាលពីឆ្នាំ១៩៩៦ អំឡុងពេលប្រតិបត្តិការបោសសម្អាតមីន (កងវិស្វកម្មកម្ពុជា) ដើម្បីធ្វើផ្លូវនៅតំបន់ប៉ៃលិន ដោយរងរបួសដោយគ្រាប់មីនធ្ងន់ធ្ងរដាច់ជើងខាងស្តាំត្រឹមកជើង និងមានកម្ទេចគ្រាប់អំបែងបៀមជាប់រហូតដល់សព្វថ្ងៃ គាត់បានចូលបម្រើការងារជាយោធានៅក្នុងឆ្នាំ១៩៨៥។

ព័ត៌មានជាប់ទាក់ទង