ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចប្រាប់មន្ត្រីអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាល

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងអង្គភាព ក្រោមឱវាទក្រសួង។​ ក្នុងជំនួបនេះ ឯកឧត្តម បានដាស់តឿនយ៉ាងទទូច ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសូងសុខាភិបាល ក៏ដូចជាបម្រាមនានា មានបម្រាមធ្វើដំណើរឆ្លងកាត់ពីខេត្តមួទៅខេត្តមួយ ជាដើម គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទាំងខ្លួនឯង ទាំងមន្ត្រីក្រោមឱវាទ និង ក្រុមគ្រួសារផងដែរ ។
ឯកឧត្តម បានបន្ថែមថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅ កម្ពុជា បាន និង កំពុងរីករាលដាលយ៉ាងក្តៅគគុក សូមមន្ត្រីជាថ្នាក់ដឹកនាំទាំងអស់ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នជំនាញ ក៏ដូចជាវិធានការរបស់អាជ្ញាធរ មានវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម , ការបិទចរាចរណ៍ពីម៉ោង ៨ យប់ ដល់ ម៉ោង ៥ ព្រឹក នៅរាជធានីភ្នំពេញ , ការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និង ការបិទរមណីយដ្ឋាននានា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ ជាដើម គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទាំងខ្លួនឯងផ្ទាល់ ហើយក៏ត្រូវប្រាប់ទៅមន្ត្រីក្រោមឱវាទ ឬ ចំណុះស្ថាប័នរបស់ខ្លួនទាំងអស់ រួមទាំងក្រុមគ្រួសារផង អនុវត្តឱ្យបានម៉ឺងម៉ាត់គ្រប់ៗគ្នាដែរ ។ ជាការណ៍ពិតណាស់ ការដាក់ចេញនូវបម្រាម ឬ វិធានការទាំងនោះ មិនមែនជាគោលបំណងរបស់រាជរដ្ឋាភិបាល កម្ពុជា ទេ ប៉ុន្តែ វាគឺជាវិធានការដ៏ចាំបាច់ ដើម្បី រួមចំណែកទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ-១៩ ពុំនោះទេ យើងអាចនឹងជួបនូវមហន្តរាយពីជំងឺកូវីដ-១៩ កាន់តែធំធេង កាន់តែធ្ងន់ធ្ងរ ដ៏គ្មានអ្នកណាម្នាក់អាចប៉ាន់ប្រមាណបានឡើយ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រាប់ទៅថ្នាក់ដឹកនាំទាំងអស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រួវពិនិត្យផ្ទៀងផ្ទាត់នូវមន្ត្រីរបស់ខ្លួនថា មន្ត្រីណាខ្លះ បានចាក់ហើយនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មន្ត្រីប៉ុន្មានាក់នៅមិនទាន់បានចាក់ និង ដោយសារហេតុអ្វី ហើយត្រូវធ្វើរបាយការណ៍ ដើម្បី ចេញវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ។ ចំណែកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ត្រូវសហការជាមួយផ្នែកពាក់ព័ន្ធ រៀបចំផែនការសម្របសម្រួលត្រៀមសម្រាប់ចាក់វ៉ាក់សាំងលើកទី ២ ។ ជារួមត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលថា ការចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ច ពោលគឺមិនមែនជាវ៉ាក់សាំងស្ម័គ្រចិត្តទៀតឡើយសម្រាប់មន្ត្រីរាជការ ។
ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានកោតសរសើរយ៉ាងក្លៀវក្លាចំពោះមន្ត្រីគ្រប់ផ្នែករបស់ក្រសួងសង្គមកិច្ច ដែលបានយកចិត្តទុកដាក់ខំប្រឹងប្រែងខ្នះខ្នែងជម្នះនូវរាល់ឧបសគ្គទាំងពួង ក្នុងដំណាក់កាល នៃ ជំងឺកូវីដ-១៩ នេះ ជំរុញឱ្យការងាររបស់ខ្លួនក្នុងការផ្តល់សេវាសង្គមកិច្ចឱ្យនៅតែដំណើរការជាប្រក្រតី ហើយសូមមេត្តាបន្តប្រតិបត្តិការងាររបស់ខ្លួនឱ្យដំណើរការជាប្រក្រតីនេះតទៅទៀត កុំឱ្យគាំងស្ទះឡើយ ព្រោះការងារផ្តល់សេវាជូនជនគោលដៅរបស់ក្រសួងសង្គមកិច្ច ដូចជាអតីតយុទ្ធជន , និវត្តជន , ជនមានពិការភាព , គ្រួសារក្រីក្រ និង ងាយរងគ្រោះ , កុមារ និង ជនចាស់ជរា ជាដើម គឺជាអ្វីដែលមិនអាចខកខានបានទេ ហើយជនគោលដៅទាំងនោះ ក៏មិនអាចរង់ចាំរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើយ៕

ព័ត៌មានជាប់ទាក់ទង